ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?
- June 13, 2020
រាល់ពេលនិយាយដល់បញ្ហាដុំសាច់នេះ គឺភាគច្រើនគេចាប់អារម្មណ៍ទៅលើដុំសាច់ដែលដុះនៅក្នុងខួរក្បាល តែចំពោះមូលហេតុដែលកើតឡើងដោយកត្តាអីនៅមិនទាន់ច្បាស់នៅឡើយទេ។ នេះបើតាមការឲ្យដឹងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក។

“និយាយមែនទែនទៅ កត្តាដែលធ្វើឲ្យដុះដុំសាច់នៅក្នុងខួរក្បាលនេះនៅអត់ទាន់ដឹងពិតប្រាកដទេ ព្រោះមិនទាន់មានការសិក្សាវិទ្យាសាស្ត្រណារកឃើញមូលហេតុច្បាស់នៅឡើយមកដល់សព្វថ្ងៃនេះ។” លោកសាស្ត្រាចារ្យ បន្តឲ្យដឹងថា ត្បិតតែរកមិនទាន់ដឹងមូលហេតុពិតប្រាកដ ប៉ុន្តែខាងគ្រូពេទ្យវេជ្ជសាស្ត្ររកឃើញថា មានហ្សែនខ្លះអាចប្រែប្រួលកើតទៅជាជំងឺមហារីកខួរក្បាលបាន ហើយហ្សែនទាំងអស់នោះកំពុងត្រូវបានសិក្សាបន្ថែមទៀត នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ។
ទាក់ទងនឹងបញ្ហាដុះសាច់ខួរក្បាលនេះ លោកវេជ្ជបណ្ឌិតថា អាចកើតឡើងបានមនុស្សគ្រប់វ័យ មិនថាតែមនុស្សចាស់ទេ សូម្បីតែកូនក្មេងក៏អាចប្រឈមនឹងកើតជំងឺដុំសាច់ខួរក្បាលនេះដែរ។ ជាទូទៅ នៅពេលដែលមានបញ្ហាដុះដុំសាច់ខួរក្បាលនេះ អ្នកជំងឺតែងបង្ហាញរោគសញ្ញាទូទៅមួយចំនួនដូចជា៖
– ចាប់ផ្ដើមឈឺក្បាល (ឈឺក្បាលកាន់ញឹកញាប់)
– ស្រវាំងភ្នែក
– ចេះតែចង្អោរ ឬចង់ក្អួត
– មានបញ្ហាការស្ដាប់
– បាត់បង់លំនឹង ជាដើម។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មនុស្សកាន់តែមានអាយុចាស់ទៅៗ ភាគរយក្នុងការកើតជំងឺមហារីកកាន់តែខ្ពស់ នេះមិនមែនសំដៅទៅលើតែមហារីកខួរក្បាលប៉ុណ្ណោះទេ ជំងឺមហារីកអីក៏អាចប្រឈមបានដែរ។ ដូចនេះ គួរតែតាមដាន និងថែទាំសុខភាពឲ្យបានដិតដល់ទាំងចាស់ ទាំងក្មេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post:






