ស្មានមិនដល់សោះថា ប្រអប់ដៃ អាចបង្ហាញឲ្យដឹងពីបញ្ហាសុខភាពបានច្រើនយ៉ាងនេះ
ប្រអប់ដៃ គឺជាផ្នែកមួយដំបូងបំផុតនៃរាងកាយដែលបង្ហាញឲ្យដឹងពីសញ្ញាផ្សេងៗនៃភាពចាស់តាមវ័យ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏អាចបង្ហាញឲ្យដឹងអំពីបញ្ហាសុខភាពមួយចំនួនបានផងដែរ។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលនឹងកើតមាន ឬលេចឡើងលើប្រអប់ដៃ ប្រសិនបើសុខភាពរបស់អ្នកកំពុងជួបប្រទះនូវបញ្ហា ៖
១. បាតដៃឡើងក្រហម ៖ វេជ្ជបណ្ឌិតជាច្រើនបានពន្យល់ថា បាតដៃឡើងក្រហម គឺអាចជារោគសញ្ញាមួយនៃបញ្ហាថ្លើម ជាពិសេសប្រសិនបើអ្នកមានវ័យលើសពី ៥០ ឆ្នាំ។ ជាធម្មតាពណ៌ក្រហមមានទីតាំងនៅនឹងគែមខាងក្រៅនៃបាតដៃ។ មូលហេតុសមស្របបំផុតដែលបណ្ដាលឲ្យបាតដៃប្រែជាមានពណ៌ក្រហម គឺការផ្លាស់ប្ដូរតុល្យភាពនៃអ័រម៉ូនដែលធ្វើឲ្យសសៃឈាមរីក។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចជាមូលហេតុនៃការឡើងក្រហមលើបាតដៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរប្រសិនបើអ្នកបានប្រទះឃើញផ្នែកណាមួយនៃបាតដៃឡើងក្រហម ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមកាត់បន្ថយការទទួលទានជាតិអាល់កុល ហើយចាប់ផ្ដើមរៀបចំរបបអាហារសុខភាពល្អ។

២. បែកញើសបាតដៃ ៖ មានហេតុផលដែលអាចទៅរួចច្រើនណាស់ដែរដែលបណ្ដាលឲ្យកើតមានបញ្ហាបែកញើសបាតដៃដូចជា ការបែកញើសច្រើនហួសប្រមាណ ភាពតានតឹង ជំងឺក្រពេញទីរ៉ូអ៊ីត ឬលើសអ័រម៉ូនទីរ៉ូអ៊ីត។ ក្នុងករណីជំងឺ hyperhidrosis ឬការបែកញើសហួសប្រមាណ អ្នកអាចសាកល្បងប្រើប្រាស់ផលិតផលប្រឆាំងនឹងការបែកញើសកម្រិតខ្លាំង។ អ្នកក៏អាចដោះស្រាយបញ្ហានេះតាមបែបវេជ្ជសាស្ត្រផងដែរ។ ព្យាយាមកកំណត់កម្រិតនៃការទទួលទានជាតិអាល់កុល និងរៀនគ្រប់គ្រងកម្រិតនៃភាពតានតឹង ឬស្ត្រេសរបស់អ្នក។ ប្រសិនបើវិធីសាស្ត្រមួយចំនួនទាំងនេះមិនបានផលទេនោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញហើយ។

៣. ឧស្សាហ៍ស្ពឹកស្រពន់ និងឈឺឆៀបៗ ៖ ជាធម្មតាអាការៈនេះ គឺបណ្ដាលមកពីការសង្កត់លើសសៃប្រសាទញ្ញាណ (sensory nerve) យូរពេក។ ការស្ពឹកស្រពន់ ឬឈឺឆៀបៗ គឺជាពេលដែលសសៃប្រសាទត្រឡប់ទៅសភាពដើមដំណើរការដូចប្រក្រតីវិញ។ ប៉ុន្តែក្នុងករណីខ្លះការកើតមានរោគសញ្ញាទាំងនេះលើបាតដៃ គឺអាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺ cervical osteochondrosis ជំងឺត្បៀតសសៃកដៃ (carpal tunnel syndrome) ជំងឺកកឈាមក្នុងសសៃឈាមខ្មៅនៃអវយវៈការរងរបួសសសៃប្រសាទ ជំងឺខ្វះគ្រាប់ឈាមក្រហម ឬជំងឺស្លេកស្លាំង និងជំងឺទឹកនោមផ្អែម ជាដើម។ ដូច្នេះប្រសិនបើជារឿយៗអ្នកតែងជួបប្រទះនូវអាការៈស្ពឹកស្រពន់ដោយគ្មានហេតុផលណាមួយច្បាស់លាស់ ចូរកុំបង្អង់ពេលនឹងទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យសោះ។

៤. ប្រអប់ដៃស្ងួត ៖ មូលហេតុទូទៅបំផុតនៃបញ្ហាស្បែកប្រអប់ដៃប្រែជាស្ងួត គឺកង្វះជាតិសំណើម ឬជាតិទឹក និងអ័រម៉ូនអឺស្ត្រូសែនដែលផ្សារភ្ជាប់ទៅនឹងការអស់រដូវ។ ដូច្នេះចូរព្យាយាមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងឧស្សាហ៍ប្រើប្រាស់គ្រីមផ្ដល់សំណើមដល់ស្បែកដៃរបស់អ្នក។ កុំភ្លេចបញ្ចូលខ្លាញ់ត្រី គ្រាប់ធញ្ញជាតិ ក្នុងរបបអាហារប្រចាំថ្ងៃផង។ ណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានដំណោះស្រាយល្អបំផុតគ្រប់គ្រងការធ្លាក់ចុះនៃកម្រិតអ័រម៉ូនអឺស្ត្រូសែន។

៥. ញ័រដៃ ៖ វាអាចជាអាការៈនៃបញ្ហាសុខភាពធ្ងន់ធ្ងរមួយដូចជា ជំងឺផាកឃីនសុន (Parkinson)។ ប្រសិនបើអ្នកមានការព្រួយបារម្ភខ្លាំង ចូរប្រញាប់ទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។ ក្នុងខណៈពេលនេះ កុំភ្លេចកំណត់កម្រិតនៃការទទួលទានគ្រឿងស្រវឹង និងកាហ្វេផង ក៏ព្រោះវាអាចបណ្ដាលឲ្យមានអាការៈញ័រកាន់តែខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ករណីខ្លះការញ័រដៃ គឺបណ្ដាលមកពីការថប់បារម្ភ និងតានតឹងខ្លាំង។

៦. ក្រចកខ្សោយឆាប់បាក់ ៖ ក្រចកឆាប់បាក់ ឬផុយ គឺអាចជារោគសញ្ញាមួយនៃកង្វះជាតិស័ង្កសី។ ជាតិស័ង្កសី គឺពិតជាមានសារៈសំខាន់ណាស់ចំពោះសុខភាព វាជួយពន្លឿននៃការជាសះស្បើយនៃរបួស ជួយបែងចែកកោសិកា និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ដូច្នេះព្យាយាមទទួលទានចំណីអាហារដែលសំបូរទៅដោយជាតិស័ង្កសីឲ្យបានច្រើនគ្រប់គ្រាន់។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំឲ្យធ្វើការទទួលទានថ្នាំគ្រាប់ស័ង្កសី ប្រសិនបើរាងកាយមានផ្ទុកកម្រិតនៃជាតិនេះទាបខ្លាំងពេក៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside