រន្ធត់ណាស់! ដួលម៉ូតូដាច់ដៃជាប់ខឿនសួនទ្រូងផ្លូវផ្អើលទាំងយប់
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន បណ្តាលឲ្យយុវជនម្នាក់របួសដាច់ដៃយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសស្រាលបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះរបួសដាច់ដៃវ័យប្រហែល២០ឆ្នាំជាងជិះម៉ូតូហុងដាសេ១២៥ មួយគ្រឿងស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-1275 ជាអ្នកឌុប ចំណែកមិត្តភក្រ្តម្នាក់ទៀតរបួសស្រាល ត្រូវបានរថយន្តដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ២០០៤ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះគេចរ៉ឺម៉កកង់បីមិនផុតគៀរគ្នាដួល បណ្ដាលឲ្យអូសជិត១០មែត្រ ធ្វើឲ្យយុវជនរងគ្រោះផ្លោងទៅបុកសួនទ្រូងផ្លូវដាច់ដៃធ្វេងម្ខាងនៅជាប់នឹងទ្រូងផ្លូវ ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុរ៉ឺម៉កកង់បីបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍កាកាប២ រងចាំសាច់ញាតិមកទទួលយកទៅវិញ៕



