ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

BY
Nisaiy KN
April 28, 2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសហជីព និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។ ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

សូមបញ្ចាក់ផងដែរថា ការរៀបចំពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា មានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត៕


ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: