អ្នកឧកញ៉ា គិត ម៉េង គាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ដោយចូលរួមឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា
- BY
- Liny Chan
- April 28, 2024
អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការកៀរគររៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផា។
ភ្នំពេញ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៖ អ្នកឧកញ៉ា គិត ម៉េង រួមជាមួយនឹងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការព្យាបាលជម្ងឺកុមារនៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង មានប្រសាសន៍ថា៖ “កុមារគឺជាសសរទ្រូងនៃអនាគតរបស់ប្រទេសជាតិ។ ដើម្បីជួយទៅដល់កុមារក្លាយជាធនធានដ៏សំខាន់សម្រាប់ជាតិ យើងត្រូវធានាឱ្យបានថា ពួកគេមានសុខុមាលភាព និងសុខភាពល្អប្រសើរ។ ហេតុដូច្នេះហើយ ការប្រកួតបាល់ទាត់គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដែលអនុញ្ញាតឱ្យសាធារណជនអាចចូលរួមចំណែកលើកម្ពស់សុខុមាលភាពកុមារ ក៏ដូចជាជួយទ្រទ្រង់ទៅដល់សង្គមជាតិទាំងមូល។”
កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា គ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីរៃអង្គាសថវិកាពីសាធារណជនដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបាន ទទួលស្គាល់ចំពោះ ការព្យាបាលជំងឺប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារកម្ពុជា អស់រយៈពេល ៣២ឆ្នាំមកនេះ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្ថែមទៀតថា៖ “តាមរយៈការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងការឧបត្ថម្ភទៅដល់មូលនិធិគន្ធបុប្ផា សាធារណជនពិតជាអាចចូលរួមចំណែក ជួយកសាង នូវ អនាគតមួយប្រកបដោយភាពភ្លឺស្វាង និងសុខភាពល្អ សម្រាប់កុមារកម្ពុជា។ ទោះជា ថវិកាដែល បរិច្ចាគមានចំនួន តិចឬច្រើនក្តី យើងខ្ញុំពិតជាអរគុណជាអនេកប្បការចំពោះ ទឹកចិត្តដ៏ ប្រពៃរបស់លោកអ្នក។”
សាធារណជន ទាំងអស់គ្នា ត្រូវបានលើកទឹកចិត្តឱ្យជួយដល់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាដើម្បី ផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ហើយរួបរួមគ្នា បង្កើតនូវ អនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាបន្ថែមទៀត។
សម្រាប់លោក អ្នក ដែល ប្រើប្រាស់ អេប Wing Bank ក៏អាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះដោយគ្រាន់តែចុចលើ “ទូទាត់វិក្កយបត្រ” ហើយបន្ទាប់មកជ្រើសរើស “អំណោយនិងសប្បុរសធម៌” ហើយលោកអ្នកអាចជ្រើសរើស បរិច្ចាគទៅកាន់ “Cambodia Kantha Bopha Foundation (KHR)” សម្រាប់ គណនីប្រាក់រៀល ឬ “Cambodia Kantha Bopha Foundation (USD)” សម្រាប់គណនីដុល្លាររបស់មន្ទីពេទ្យគន្ធបុប្ផា។ លើសពីនេះទៀត លោកអ្នកក៏អាចបរិច្ចាគ នៅតាមភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជាផងដែរដោយមិនគិតថ្លៃសេវា។ ធនាគារវីង ធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរពេទ្យគន្ធបុប្ផាទាំង នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃបន្ទាប់ ពីត្រូវបាន បង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ នៅក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យបានចំណាយថវិកា ប្រមាណ ៤០ លានដុល្លារអាមេរិក លើការព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ព្រមទាំង ផ្តល់ ការ ពិគ្រោះជំងឺ ចំនួន ៨៩៩ ៦៩២ ករណី ហើយបានទទួលអ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់៕
- Share This Post: