ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមថ្ងៃ២៩ មេសានេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ៥៦,៤៤៥នាក់ បានធ្វើតេស្តរកសារធាតុខុសច្បាប់ ក្នុងនោះអ្នកវិជ្ជមាន ៧៦នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ

BY
srey nuch
April 29, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀន តាមទឹកមូត្រមានចំនួន ៥៦,៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បន្ទាប់ពីបានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន ៥៦,៤៤៥នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។»

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាព ដូចខាងក្រោម៖

១. កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម
២. សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត
៣. បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង
៤. ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលអនុវត្តបទបញ្ជាលេខ ០១បប របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រកបដោយប្រសិទ្ធិភាព ស័ក្តសិទ្ធិភាព និងនិរន្តភាព ៕

ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

Share This Post: