ព័ត៌មានជាតិ

២ថ្ងៃទៀត! ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់ថ្នាក់អនុវិទ្យាល័យ នឹងចាប់ផ្តើម

BY
srey nuch
April 29, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង​បានដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ​ឆ្ពោះទៅកាន់ការប្រឡង​ប្រជែងជ្រើសរើសគ្រូបង្រៀន​សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាំងបេក្ខជនលើកទី១ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ២ថ្ងៃទៀតតែប៉ុណ្ណោះ។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារទទួលបន្ទុកតាមអនុគណៈកម្មការនានា បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡង។ បន្ទាប់ពីការបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារនៃការរៀបចំការប្រឡងរួចមក​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យសមាជិកនៃអង្គប្រជុំចូលរួមជាមតិយោបល់ ក្នុងការលើកឡើងនូវចំណុចខ្វះខាតក្នុងការបង្កាបញ្ហាណាមួយកើតឡើងជាយថាហេតុ។

ដោយទទួលបានការចូលរួម និងការងារ ព្រមទាំងការចូលរួមជាធាតុចូលយ៉ាងច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើង និងបញ្ហាប្រឈមនៅពេលខាងមុខ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនួលខុសត្រូវរបស់ក្រុមការងារ និងអនុគណៈកម្មការនីមួយៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា​ “ទោះជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងអាណត្តិទី៧ នេះ បានអនុវត្តន៍ជាច្រើនដងក៏ពិតមែន ក៏យើងនៅតែប្រកាន់ស្មារតី​ «អនុវត្តន៍ការងារបណ្តើរ ដកស្រង់បទពិសោធន៍បណ្តើរ ហើយកត់ត្រាទុកដើម្បីរៀបចំជានិយាមនីតិវិធីប្រតិបត្តិការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឆ្ពោះទៅកាន់ការអនាគតជាបណ្តើរៗ រួមជាមួយយន្តការត្រួតពិនិត្យជាបន្តបន្ទាប់»។

សូមជម្រាបផងដែរថា កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំលើកចុងក្រោយ មុនពេលឈានទៅដល់ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ មណ្ឌលប្រឡងស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: