ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យថែរក្សាសុខភាព និងបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា

BY
srey nuch
April 30, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា។​

ក្រសួងអប់រំ បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុ ក្តៅខ្លាំងនេះ។

ប្រការគួរអនុវត្តជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៖

-ត្រូវទទួលទាន ទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្តៅ) ទឹកបរិសុទ្ធ ទឹកចម្លោះ ទឹកស្អាត ឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ ទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេកទឹកក៏ដោយ ពិសេសត្រូវតាមដានទឹកនោមដោយមិនត្រូវបណ្តោយឱ្យទឹកនោមឡើង ពណ៌លឿងចាស់នោះទេ

-ត្រូវទទួលទានបន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃនិងជាតិទឹកឱ្យបានញឹកញាប់

-ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅនិងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀក បំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើ ឆ័ត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិន បើវា សើមខ្លាំង

-ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាតជាប់ជាប្រចាំ

-ប្រើកន្សែងសើមជូតមុខ ដាក់ព័ទ្ធជុំវិញក ប្រសិនបើមានអារម្មណ៍ថាក្តៅខ្លាំងពេក ហើយអំឡុងពេល មានកម្ដៅខ្លាំងត្រូវប្រើមធ្យោបាយផ្សេងៗដើម្បីបន្ថយកម្ដៅដូចជាផ្លិតជាដើម

-ត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពប្រចាំថ្ងៃឱ្យបានត្រឹមត្រូវសម្របទៅនឹង ការប្រែប្រួលអាកាសធាតុ

-ត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងគ្របឱ្យជិត ដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺ គ្រុនឈាម។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា លម្អិតដូចខាងក្រោម៖

ប្រភព៖ MoEYS Cambodia

Share This Post: