ព័ត៌មានជាតិ

ក្រសួងអប់រំ ស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យ ស្តីពីវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក

BY
srey nuch
April 30, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ដើម្បីងាយស្រួលឱ្យមន្ត្រីជំនាញ ជាពិសេសខាងសាលារៀនមានមូលដ្ឋានជាក់លាក់ក្នុងការចាត់វិធានការរឹបអូស និងហាមឃាត់ដល់សិស្សនិស្សិតកុំឱ្យប្រើប្រាស់។

ក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដើម្បីដោះស្រាយបញ្ហាបារីអេឡិចត្រូនិកនេះ ឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានអនុក្រឹត្យមួយដោយឈរលើមូលដ្ឋានសិក្សាតាមផ្លូវច្បាប់ច្បាស់លាស់ ពាក្យបច្ចេកទេសដែលទទួលស្គាល់ពីអង្គការសុខភាពពិពលោក កំណត់មុខសញ្ញា អាយុ អ្នកប្រើប្រាស់ និងប្រភេទនៃឧបករណ៍ដែលត្រូវហាមឃាត់។

ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងហានិភ័យបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាសេចក្តីណែនាំ ដែលកំណត់បញ្ជាក់ថាបារីអេឡិចត្រូនិក ត្រូវបានចាត់ទុកជាប្រភេទមួយនៃគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងត្រូវហាមឃាត់និងបង្រ្កាបចំពោះការនាំចូល ជួញដូរ ចរាចរ និងប្រើប្រាស់នៅក្នុងប្រទេស។

ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងបានដាក់ចេញនូវសេចក្តីណែនាំមួយចំនួនកន្លងមក រួមមាន៖

សេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន (មិថុនា ២០២២) សេចក្ដីណែនាំស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ ឆ្នាំ២០២១ សេចក្ដីណែនាំស្ដីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ ឆ្នាំ២០២៣ សេចក្ដីណែនាំខាងលើនេះ មានគោលបំណងលើកកម្ពស់គុណភាពសុខភាពសិក្សា ដើម្បីធានាបានធនធានមនុស្សប្រកបដោយសក្តានុភាពឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ផ្អែកលើសេចក្តីណែនាំទាំងនេះ អង្គភាពចំណុះក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត តែងតែសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងមានវិធានចំពោះសិស្សនិងនិស្សិតដែលបាននិងកំពុងប្រើប្រាស់។

បើទោះជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក្ដី ក៏ការប្រើប្រាស់បារីអេឡិចត្រូនិក នៅតែចោទជាបញ្ហាគួរឱ្យព្រួយបារម្ភនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ បើយោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ បានបង្ហាញថា ប្រមាណ៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក គឺជាសិស្សនិងនិស្សិត ប៉ុន្តែភាគច្រើនមិនប្រើប្រាស់ក្នុងបរិវេណគ្រឹះស្ថានសិក្សាទេ គឺពួកគាត់ប្រើប្រាស់នៅហាងកាហ្វេ/ភោជនីយដ្ឋាន សួនសាធារណៈ ក្លឹបកម្សាន្ត តាមដងផ្លូវ ហាងកាត់សក់/ចាក់សាក់ និងនៅផ្ទះជាដើម។ ការសិក្សាក៏បានបង្ហាញថា ប្រភពនៃការចែកចាយលក់បារីអេឡិចត្រូនិកធំចម្បងបំផុត គឺការលក់តាមប្រព័ន្ធអនឡាញដូចជា Facebook, Tik Tok, Telegram ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើសុំកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ច ក្នុងការចាត់វិធានការលើការចែកចាយលក់បារីអេឡីចត្រូនិក ជាពិសេសតាមប្រព័ន្ធអនឡាញ និងការចរាចរដោយសេរីនៃផលិតផលនេះ នោះទើបយើងការពារកុមារនិងយុវជនដែលជាធនធានមនុស្សជំនាន់ក្រោយយើងបាន។

សូមបញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីនដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំងជាពិសេសចំពោះយុវជន និងកុមារ។

សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល និងគ្លីសេរីន វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូងផងដែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: