ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ « បើថ្ងៃណាអាកាសធាតុក្ដៅខ្លាំងលើស ៤០អង្សារសេ គណៈគ្រប់គ្រងសាលាមានសិទ្ធិផ្អាកការសិក្សាសិនបាន»

BY
Liny Chan
May 1, 2024

នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា។

នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើអាកាសធាតុក្ដៅខ្លាំងលើស ៤០អង្សារសេ គណៈគ្រប់គ្រងសាលាមានសិទ្ធិផ្អាកការសិក្សាសិនបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបានណែនាំទៅឱ្យក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន ហើយក៏បានឃើញក្រសួងអប់រំចេញគោលការណ៍ណែនាំ ជាពិសេសនៅតាមសាលា សាលាក្មេងៗតូចៗ។ បើថ្ងៃណាសីតុណ្ហភាពឡើងលើស ៤០អង្សារសេ សូមឱ្យពិនិត្យមើល ទី១. ម៉ោង ពេលវេលា​ រៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង ១០ព្រឹក និងម៉ោង ២រសៀល ហ្នឹង កែម៉ោងទៅ កុំឱ្យចំម៉ោងហ្នឹង​ ហើយបើចាំបាច់ប្រគល់សិទ្ធឱ្យគណៈគ្រប់គ្រង បើសិនជាក្ដៅខ្លាំងលើស ៤០អង្សារសេ ហើយសាលាមិនអំណោយផល អាចមានសិទ្ធផ្អាកការសិក្សានៅថ្ងៃនោះ កុំឱ្យសិស្សនៅអង្គុយយូរ»។

សូមបញ្ជាក់ថា សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងដូចខាងលើនេះ ក្រោយសម្ដេចបានឃើញតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយសាលាកន្លែងខ្លះ សិស្សត្រូវដាក់យកកន្សែងត្រជាក់ជ្រលក់ទឹកដាក់លើក្បាល។ សម្ដេចធិបតី បានបញ្ជាក់ថា វាអត់ចំណេញទេក្នុងមួយថ្ងៃហ្នឹង ជាពិសេសឱ្យកូនក្មេងតូចៗនៅអង្គុយនៅក្នុងកន្លែងដែលមិនអំណោយផលហើយក្ដៅខ្លាំងពេក ដូច្នេះគណៈគ្រប់គ្រងផ្អាកឱ្យសិស្សសម្រាកចុះ៕

អត្ថបទ៖ លីនី

Share This Post: