ព័ត៌មានជាតិ

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសជាថ្មីម្តងទៀតថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដាច់ខាតត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាល នឹងមិនទទួលយកថវិកាពីប្រជាពលរដ្ឋឡើយ

BY
Liny Chan
May 1, 2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»។

ថ្លែងនាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសជាថ្មីម្តងទៀតថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដាច់ខាតត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាល នឹងមិនទទួលយកថវិកាពីប្រជាពលរដ្ឋដើម្បីយកមកជីកព្រែកនេះនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គម្រោងព្រែកជីកនេះ នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។

សូមបញ្ជាក់ជូនថា តាមការសិក្សាគម្រោងផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប។

ជាមួយគ្នានោះព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: