ព័ត៌មានជាតិ

ក្រសួងការពារជាតិ អំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មាន បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣

BY
srey nuch
May 2, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទាក់ទិននឹងករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្រសួងការពារជាតិ បានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ដែលក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថលក្រសួងព័ត៌មាន ទទួលបាននាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។

ពាក់ព័ន្ធនឹងករណីឧបទ្ទវហេតុផ្ទុះគ្រាប់នេះ ក្រសួងបានថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ ក្រសួងសង្កត់ធ្ងន់ថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ មិនមែនជាបញ្ហាកងទ័ពបះបោរ ដើម្បីធ្វើអំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ។

សូមបញ្ជាក់ជូនថាការចេញសេចក្តីប្រកាសព័ត៌មានខាងលើ បានធ្ចើឡើងក្រោយពី ពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: