ព័ត៌មានជាតិ

អបអរសាទរ! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឈ្មោះក្លាយជាប្រធានសមាគមសិល្បករខ្មែរ ក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង៩៣%

BY
srey nuch
May 2, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជាជាង ៦០០នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្នុងអាណត្តិទី៦ ដែលធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

តាមរយៈការចូលរួមបោះឆ្នោតរបស់សិល្បករ-សិល្បការិនីនេះផងដែរ​ បេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ ប៉ុន្តែបេក្ខភាពដែលជាប់ជាប្រធាន គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានជាប់ឈ្មោះក្លាយជាប្រធានសមគមនសិល្បករខ្មែរ ដោយទទួលបាន ៥២៧សំឡេង ស្មើនិង ៩៣ភាគរយ។

បើយោងតាមប្រភពពីគណនីហ្វេសប៊ុករបស់​ លោក អុឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមន៍សិល្បករខ្មែរ បានបង្ហោះសារចូលរួមអបអរសាទរដល់លោកជំទាវ អ្នកឧកញ៉ា មៅ ចំណាន ដោយបានសរសេរយ៉ាងដូច្នេះថា៖ «អបអរសាទរ! លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឈ្មោះក្លាយជាប្រធានសមគមនសិល្បករខ្មែរហើយ! លោកជំទាវ ម៉ៅ ចំណាន ទទួលបាន ៥២៧សម្លេង ស្មើនឹង ៩៣ភាគរយ។»

សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសំដែងការគាំទ្រលោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ដោយមានខ្លឹមសារថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ ប្រសិនលោកជំទាវ ទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ » ៕

ប្រភព៖ លោក អុឹម ជីវ៉ា

Share This Post: