ព័ត៌មានជាតិ

អភិបាលខេត្តកំពត បញ្ជាក់ថា បើអាកាសធាតុនៅបន្តក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១០ថ្ងៃទៀត ខេត្តនឹងបើកយុទ្ធនាការជួយសង្គ្រោះពលរដ្ឋ រងដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្ត

BY
srey nuch
May 2, 2024

ខេត្តកំពត៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បញ្ជាក់ថា បើអាកាសធាតុនៅបន្តក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១០ថ្ងៃទៀត ខេត្តនឹងបើកយុទ្ធនាការជួយសង្គ្រោះពលរដ្ឋ ដែលទទួលរងដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តតែម្តង។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តកំពត ដែលបានធ្វើឡើងនៅសាលប្រជុំបូកគោ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ម៉ៅ ធនិន លើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ក្នុងថ្នាក់ ខេត្ត បានគិតគូរនិងរៀបចំផែនការត្រៀមបម្រុងដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនានា ទៅលើទីតាំងភូមិសាស្ត្រមួយចំនួននៅក្នុងខេត្ត ដែលងាយទទួលរងគ្រោះរួចរាល់ហើយ ថាទីតាំងណាដែលងាយទទួលរងគ្រោះនឹងការជន់លិច និងទីតាំងណាដែលងាយទទួលរងគ្រោះដោយគ្រោះរាំងស្ងួត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា កន្លងមករដ្ឋបាលខេត្តបានដាក់ផែនការទៅឱ្យអាជ្ញាធរនៅតាមមូលដ្ឋាន ភូមិ-ឃុំ ក្រុង-ស្រុក និងជំនាញពាក់ព័ន្ធ ដោយផ្អែកទៅលើការប្រើបា្រស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីអន្តរគមន៍ទៅលើបញ្ហាទាំងនោះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយជាងមួយឆ្នាំមកនេះ ខេត្តបានរៀបចំស្តាប្រឡាយ បឹង បួរ ដើម្បីស្តុកទឹកទុកបានមួយចំនួនធំផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើងយ៉ាងម៉ឹងម៉ាត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា បើអាកាសធាតុនៅបន្តក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១០ ទៅ១៥ថ្ងៃទៀត ខេត្តនឹងបើកយុទ្ធនាការជួយសង្គ្រោះពលរដ្ឋដែលទទួលរងដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តតែម្តង។

ឯកឧត្តម ច័ន្ទ លំផាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកំពត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានត្រៀម និងដាក់ចេញនូវផែនការយ៉ាងច្បាស់លាស់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្ត្រីជំនាញបន្តកិច្ចសហការល្អបន្ថែមទៀតលើកការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ហើយបើមានតម្រូវការអ្វីបន្ថែម សូមធ្វើការរាយការណ៍មកកាន់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រោះឯកឧត្តមកិត្តិសង្គហបណ្ឌិត លោកកំពុងតែខិតខំស្វែងរកលទ្ធភាពក្នុងរៀបចំសម្ភារៈស្តុកទឹក ដើម្បីចែកចាយជូនប្រជាពលរដ្ឋ ព្រោះបើតាមមន្ត្រីជំនាញថា អាកាសធាតុនឹងបន្តក្តៅហួតហែងអូសបន្លាយរហូតដល់ចុងខែឧសភានេះ ទើបមានភ្លៀងធ្លាក់៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

Share This Post: