ព័ត៌មានជាតិ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ

BY
srey nuch
May 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ខ្ញុំពិតជាមានសេចក្តីរីករាយដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឃឹមថា លោកជំទាវនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ ខ្ញុំក៏សូមអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុប ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: