ព័ត៌មានជាតិ

អ្នកស្រុកអង្គរធំ ប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ

BY
srey nuch
May 4, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។

លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ កំឡុងពេលដើរប្រទក្សិណនោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថាមានភ្លៀងធ្លាក់មកមែន។

ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះរួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។ អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ និងមកជាលក្ខណៈគ្រួសារដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ។ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និងរំពឹងថាភ្លៀងនឹងឆាប់បង្អុរឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះចប់សព្វគ្រប់។

ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ស្រុកអង្គរធំ និងមានអ្នកក្រៅពីតំបន់ក្បែរនោះចូលរួមផងដែរ។ ពិធីនេះសបញ្ជាក់ថា កសិកម្មនៅតែជាវិស័យយ៉ាងសំខាន់របស់អ្នកស្រុក ទោះជាវិស័យទេសចរណ៍កំពុងរីកចម្រើនក៏ដោយ។ អ្នកស្រុកធ្វើស្រែចម្ការនៅពឹងជាសង្ឃឹមលើទឹកភ្លៀងនៅទ្បើយ។ ជាពិសេសនាឆ្នាំនេះ ការរាំងស្ងួតនិងកម្ដៅចេះតែបន្តច្រើនអាទិត្យទៀត អ្នកស្រុករឹតតែចូលរួមប្រារព្ធពិធីសុំទឹកភ្លៀងនេះ យ៉ាងច្រើនកុះករ។ ជាទូទៅប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងប្រារព្ធពិធីនេះរៀងរាល់ឆ្នាំពីដូនតាមក តាមរបៀបមានទម្រង់ផ្សេងៗទៅតាមតំបន់ ដែលពួកគេរស់នៅ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: