ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ក្របខណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ ដើម្បីអាចចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក

BY
srey nuch
May 6, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក។

តាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ »

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់។ »

សូមជម្រាបជូនថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Pozz Zvert (ជាសំណាង រស្មីសត្យា) ដែលជាកូនច្បងរបស់លោកវរសេនីយ៍ទោ ជា សំណាង បានបង្ហោះសារ ដោយសរសេររៀបរាប់ថា៖ « ខ្ញុំបាទឈ្មោះ ជាសំណាង រស្មីសត្យា ភេទប្រុសអាយុ ២៣ឆ្នាំ ការសិក្សាចប់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ)បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បងរបស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានបាត់បង់ជីវិតក្នុងហេតុការផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ សូមគោរពដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុក ចូលបម្រើការងារយោធានៅខេត្តកោះកុងបន្តទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗនិងជីដូនចាស់ជរា ព្រោះសព្វថ្ងៃ ក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូមសម្តេច ហ៊ុន ម៉ាណែត សម្តេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង ខ្ញុំបាទសូម គោរពនិងថ្លែងអំណរគុណ ៕​»

ប្រភព៖ Hun Manet

Share This Post: