ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ត្រៀមវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ បញ្ជូនទៅជួសជុលនៅប្រទេសបារាំង

BY
srey nuch
May 7, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់ និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។

ក្រសួងវប្បធម៌ បានឱ្យដឹងទៀតថា ពីធិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Fabrice ETIENNE, អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា លោក Jamel OUBECHOU តំណាងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេនិងលោកស្រី Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន ALIPH ព្រមទាំងឯកឧត្ដម លោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជាដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ១៩។

គម្រោងនេះ នឹងធ្វើការជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថានCentre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយដើម្បីចែករំលែកពីបទពិសោធន៍និងទេពកោសល្យក្នុងការសិតលោហៈនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង៣៩ ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា3D ដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។

ក្រោយគម្រោងអភិរក្សនិងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍន៍បច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្តដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត។

ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វែងយល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: