ព័ត៌មានជាតិ

រដ្ឋបាលស្រុកឱរ៉ាល់ មិនអនុញ្ញាតឱ្យភ្ញៀវទេសចរបើកបរយានយន្តគ្រប់ប្រភេទឡើងលើភ្នំខ្នងផ្សារនោះឡើយ

BY
srey nuch
May 9, 2024

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កន្លងមកមានភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកំសាន្ត បែបលក្ខណៈផ្សងព្រេង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ដែលមានតំបន់ទេសចរណ៍ដូចជា ភ្នំខ្នងផ្សារ ខ្នងស្រូវ ខ្នងវាល ជាដើម។

រដ្ឋបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការពារបាននូវបរិស្ថាន ធនធានធម្មជាតិ ព្រមទាំងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ រដ្ឋបាលស្រុកឱរ៉ាល់ មិនអនុញ្ញាតឲ្យភ្ញៀវទេសចរបើកបរយានយន្តគ្រប់ប្រភេទឡើងលើភ្នំខ្នងផ្សារឡើយ ព្រោះផ្លូវដែលមាននាពេលបច្ចុប្បន្ននេះ មិនមែនជាផ្លូវដែលអាចចរាចរណ៍បាន និងមិនមានស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពោលគឺជាផ្លូវសម្រាប់តែដំណើរការ ការដ្ឋានសាងសង់បង្គោលភ្លើងអគ្គិសនីតែប៉ុណ្ណោះ។

រដ្ឋបាលស្រុកឱរ៉ាល់ បានបន្ថែមថា ភ្ញៀវទេសចរទាំងអស់ដែលមានបំណងចង់ឡើងទៅកំសាន្តនៅតំបន់ភ្នំខ្នងផ្សារ សូមធ្វើការចុះឈ្មោះ នៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ស្ថិតនៅក្នុងភូមិកោះ ឃុំតាសាល ស្រុកឱរ៉ាល់ ហើយអាចទំនាក់ទំនងរក ប្រជាសហគមន៍ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាលដែលមានបម្រើសេវាដូចជា អ្នកនាំផ្លូវ ដឹកជញ្ជូនសម្ភារ រៀបចំ ម្ហូបអាហារ និងកន្លែងស្នាក់នៅ។ រាល់មធ្យោបាយធ្វើដំណើរត្រូវរក្សាទុកនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ឬនៅតាមផ្ទះប្រជាសហគមន៍។

រដ្ឋបាលស្រុកឱរ៉ាល់ សង្ឃឹមយ៉ាងមុតមាំថាបងប្អូនភ្ញៀវទេសចរទាំងអស់នឹងចូលរួមអនុវត្តសេចក្តីជូន ដំណឹងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

Share This Post: