ព័ត៌មានជាតិ

ករណីបុរសជនជាតិចិន បើករថយន្ត LAMBORGHINI បុកមនុស្សម្នាក់បាត់បង់ជីវិត នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ២ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារ ៦ខែ

BY
srey nuch
May 10, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់បាត់បង់ជីវិត នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។

យោងតាមលិខិតរបស់ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ្វូ ចុងហ័រ (FU ZHONGHUA) ភេទប្រុស អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់ ០២ (ពីរ) ឆ្នាំ ដោយទោសត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ (ប្រាំមួយ) ខែ ទោសនៅសល់ពីនេះឱ្យព្យួរការអនុវត្តធម្មតា ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីចរាចរណ៍ សាលាដំបូងរាជធានីភ្នំពេញប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេសគឺការផ្តន្ទាទោសដាក់ ពន្ធនាគារ បើទោះបីជាករណីនេះ មានការសម្រុះសម្រួលសងសំណង និងការដកពាក្យបណ្តឹងពីដើមបណ្តឹង រដ្ឋប្បវេណីក៏ដោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១៖០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ បាត់បង់ជីវិត។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ទៀត ជាជនជាតិចិន រហូតសមត្ថកិច្ចតាមឃាត់ខ្លួនបាន៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: