ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ យកដុំថ្មគប់កញ្ចក់រថយន្ត និងហក់ធាក់ម៉ូតូអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

BY
srey nuch
May 10, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៤៨ -៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន(បណ្ដឹងផ្ទាល់តាមរយៈ hotline ) ពីជនរងគ្រោះឈ្មោះ អោម សុភក្រ្ត័ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរបើករថយន្ត ប្រចាំរោងចក្រ បានរៀបរាប់ថា ខ្លួនបើករថយន្ត ម៉ាកស្ទាររីច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ-2A-5226 ចេញពីរោងចក្រទៅទទួលភ្ញៀវនៅភ្នំពេញ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ បានយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួន បណ្ដាលឲ្យបែកកញ្ចក់និងទ្វារពីខាងឆ្វេង ភ្លាមនោះខ្លួនក៏បានឈប់រថយន្ត រួចរាយការណ៍មកសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្ដង ។

ក្រោយទទួលបានព័ត៌មាន កំលាំងជំនាញអធិការដ្ឋានក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង ចាន់ចំរើន ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវត្ថុតាងដុំថ្មជ្រុងមួយដុំ ក្រោយសមត្ថកិច្ចឃាត់និងការសាកសួរ ទើបដឹងថាជនសង្ស័យខាងលើ ជាមនុស្សដែលបានធ្វើសកម្មភាពហក់ធាក់ម៉ូតូអ្នកដំណើរដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៤។

ចំពោះករណីខាងលើ ជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ និងវត្ថុតាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: