សុខភាព

គ្រូពេទ្យព្រមានថា អង្គុយលេងទូរស័ព្ទយូរៗពេលចូលបង្គន់អាចធ្វើឲ្យមានជំងឺឫសដូងបាត

BY
Khmernote Media
July 11, 2020

មនុស្ស​ជា​ច្រើន​បាន​ចោទ​សំណួរ​ឡើង​ថា​តើ​ការ​លេង​ទូរស័ព្ទ​ពេល​ចូល​បង្គន់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឫស​ដូង​បាត​ពិតដែរ​ឬ​ទេ? ចម្លើយ​គឺ​អាច ហើយ​គ្រូពេទ្យ​បាន​ព្រមាន​ដែរ​ថា​ការ​អង្គុយ​លើ​បង្គន់​យូរ​អាច​បង្ក​ជំងឺ​ឫស​ដូង​បាត ​ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​សរសៃ​វ៉ែន​នៅ​រន្ធ​គូទ និង​ការ​ប្រឹង​បញ្ចេញ​លាមក​ក៏​ជា​មូលហេតុ​បង្ក​ដែរ។

ពេល​ចូល​បន្ទប់​ទឹក មិន​ថា​យើង​អាន​សៀវភៅ ឬ​លេង​ទូរស័ព្ទ​ទេ ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​ឫស​ដូង​បាត​កាន់​តែ​ខ្ពស់​នៅ​ពេល​យើង​អង្គុយ​លើចាន​បង្គន់​កាន់​តែ​យូរ។ ការ​លេង​ទូរស័ព្ទ​នេះ​គឺមិន​ប៉ះពាល់​ដោយ​ផ្ទាល់ទៅ​នឹង​ការ​កើត​ជំងឺ​ឫសដូងបាតទេ តែ​ការ​លេង​ទូរស័ព្ទ​ពេល​ចូល​បន្ទប់​ទឹក​នឹង​ធ្វើឲ្យ​យើង​ចំណាយ​ពេល​យូរអង្គុយ​លើ​ចាន​បង្គន់ ដែលជាហេតុនាំឲ្យ​មាន​ហានិភ័យ​កើតជំងឺឫសដូង​បាត។

រឿង​​ដែលថា​​ទូរស័ព្ទ​ក្លាយ​ជា​មូលហេតុ​នៃ​ជំងឺ​នេះ​គឺ​ដោយសារ​ទូរស័ព្ទ​មាន​ភាព​ងាយ​ស្រួល​ក្នុង​យក​តាម​ខ្លួន​គ្រប់​ទី​កន្លែង ហើយ​បញ្ហា​ចម្បង​គឺ​ថា​យើង​នឹង​អង្គុយ​លើ​បង្គន់​យូរព្រោះ​រវល់នឹង​ទូរស័ព្ទ ​ទោះ​បី​ជា​យើង​បាន​បន្ទោរ​បង់​រួច​ហើយ​ក៏​ដោយ។ ​ជំងឺ​ឫស​ដូង​បាត​ជាទូទៅ​បង្ក​ដោយ​ការ​ប្រឹង​បញ្ចេញ​លាមក​ដែល​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​ជាលិកា​ទ្រទ្រង់​រន្ធ​គូទ​មាន​ការ​ដាច់​រលាត់។

ជំងឺ​ឫស​ដូង​បាត​គឺ​មាន​២​ប្រភេទ​។ ប្រភេទ​ទី ១ ​គឺ​ឫស​ដូង​បាត​នៅ​ខាង​ក្នុង និង​ប្រភេទ​មួយ​ទៀត​គឺ​ឫស​ដូង​បាត​ខាង​ក្រៅ។ រោគសញ្ញា​របស់​ជំងឺ​រួមមាន​ការ​ហូរ​ឈាម​ក្រោយ​ពេល​បន្ទោរ​បង់ និង​មាន​អារម្មណ៍​ថាចង់​​បន្ទោរ​បង់​ទៀត​ក្រោយ​ពី​បន្ទោរ​បង់​ហើយ។

វេជ្ជបណ្ឌិត Meheshinder Singh អ្នក​ពិគ្រោះ​ជំងឺ​ទូទៅ និង​អ្នក​ជំនាញ​វះកាត់​ពោះវៀន​ធំ​នៅ​មន្ទីរ​ពេទ្យ​ Pantai ប្រទេស​ម៉ាឡេស៊ី​បាន​ណែនាំ​មិន​ឲ្យ​លេង​ពពួក​គ្រឿង​អេឡិតត្រូនិច​ ជាពិសេស​ទូរស័ព្ទ​ដៃ​ពេល​ចូល​បង្គន់​ឡើយ។ ប៉ុន្តែ​នេះ​អាច​នឹង​មាន​លំបាក​សម្រាប់​ក្មេងៗ​ជំនាន់​នេះ។

ចំណែក​វេជ្ជបណ្ឌិត Sarah Jarvis ឯកទេស​ជំងឺ​ទូទៅ​ និង​ជា​ប្រធាន​គេហទំព័រ Patient.info ក៏​បាន​លើក​ឡើង​ដែរ​​ថា​ដើម្បី​ចៀសវាង​ជំងឺ​ឫស​ដូង​បាត​គួរ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ចៀស​វាង​ការ​លេង​ទូរស័ព្ទ​ពេល​ចូល​បង្គន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: