ប្រយ័ត្នផង! ក្មេង-ចាស់ ជាង ១០ នាក់ នៅកោះរ៉ុង មានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហម សង្ស័យកើតជំងឺគ្រុនឈីក
ពលរដ្ឋសរុបចំនួន១៤នាក់ (ក្មេង៦នាក់) នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហម សង្ស័យថាកើតជំងឺគ្រុនឈីក។ បើតាមការឲ្យដឹងពីលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលព្រះសីហនុ នៅថ្ងៃទី ២៨ ខែកក្កដានេះថា មកដល់ពេលនេះ អ្នកជំងឺទាំងអស់សរុប ១៤នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហុន។

រូបភាព៖ ស៊ុន ចាន់ធា
ចំពោះលទ្ធផលតេស្តសំណាកឈាមរបស់អ្នកជំងឺដែលបានយកទៅមន្ទីរពិសោធន៍ប៉ាស្ទ័រនៅមិនទាន់ចេញលទ្ធផលនៅឡើយ ប្រហែលរសៀលថ្ងៃនេះទើបចេញ។ ទោះយ៉ាងណា អ្នកជំងឺដែលមានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហមនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេថា កើតជំងឺគ្រុនឈីក ឬអ្វីផ្សេងនៅឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក៏មានករណីពលរដ្ឋប្រហែល១០០នាក់ មានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហម ឈឺសន្លាក់ នៅក្នុងភូមិក្បាលកោះ ភូមិព្រៃគប់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាករណីការផ្ទុះឡើងនៃជំងឺគ្រុនឈីក បន្ទាប់ពីយកសំណាកអ្នកជំងឺទៅពិសោធន៍រួច។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ