សុខភាព

ក្រសួងកែប្រែលក្ខខណ្ឌធ្វើដំណើរជនបរទេសមកកម្ពុជា ដោយតម្កល់ប្រាក់ត្រឹម ២ពាន់ដុលា្លរវិញ

BY
Khmernote Media
August 4, 2020

នៅ​រសៀល​ថ្ងៃ​ទី០៤ ខែ​សីហា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​កែ​សម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​របស់​ជន​បរទេស មក​កាន់​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​យន្តការ​ធានា (Sponsorship Mechanism) ដើម្បី​ជួយ​សម្រួល​អ្នក​ធ្វើ​ដំណើរ​បរទេស ដែល​ជា​វិនិយោគិន-ធុរជន បុគ្គលិក​ក្រុមហ៊ុន ឬ​អ្នក​ធ្វើ​ដំណើរ​បរទេស​ទូទៅ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជន​បរទេស​ដែល​មាន​បំណង​ធ្វើ​ដំណើរ​មក​កម្ពុជា ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​២.០០០ ដុល្លារ​អាមេរិក នៅ​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ​នៃ​ប្រទេស​កម្ពុជា ដោយ​កាត់​បន្ថយ​ចំនួន​ ១.០០០ ​ពាន់​ដុល្លារ​អាមេរិក។ ប្រាក់​តម្កល់​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​រង់​ចាំ​លទ្ធផល​ធ្វើ​តេស្ត​រក​វីរុស COVID-19 ថ្លៃ​ធ្វើ​តេស្ត ថ្លៃ​ដឹក​ជញ្ជូន​ពី​ព្រលាន​យន្តហោះ​ទៅ​សណ្ឋាគារ និង​ចំណាយ​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក។

ស្រប​គ្នា​នេះ​ដែរ អ្នក​ដំណើរ​ក៏​ត្រូវ​ទិញ​សេវា​រ៉ាប់​រង​សុខភាព(Health Insurance) សម្រាប់​ព្យាបាល​ជំងឺ COVID-19 ក្នុង​តម្លៃ​ ៩០ ​ដុល្លារ​អាមេរិក និង​មាន​រយៈ​ពេល​ធានា ​២០​ថ្ងៃ។

ក្រសួង​សុខាភិបាលបាន​បន្ត​ថា ចំពោះ​អ្នក​ធ្វើ​ដំណើរ​បរទេស​មុន​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព លិខិត​បញ្ជាក់​លើ​ការ​ធានា​ទូទាត់​សង​ប្រាក់​ដែល​ចេញ និង​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ឬ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មាន​លិខិត​អញ្ជើញ​ដែល​ចេញ និង​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។

ខាង​ក្រោម​នេះ​ជា​សេចក្តី​ជូន​ដំណឹង​លម្អិត​ពី​ការ​កែ​សម្រួ​លក្ខខណ្ឌ​ធ្វើ​ដំណើរ​របស់​ជន​បរទេស មក​កាន់​ប្រទេស​កម្ពុជា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: