បច្ចេកវិទ្យា

ហ្វេសប៊ុកបានលុបចោលវីដេអូមួយរបស់លោក ដូណាល់ ត្រាំ ក្រោយលោកនិយាយពាក្យសំដីបែបនេះ

BY
autoadmin
August 6, 2020

Facebook និង Twitter បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានលុបចោលការបង្ហោះវីដេអូមួយ ចេញពីទំព័ររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញព័ត៌មានមិនពិតស្ដីពីជំងឺ COVID-19 ។ ការបង្ហោះនោះគឺជាវីដេអូឃ្លីបនៃបទសម្ភាសន៍មួយ ដែលលោកប្រធានាធិបតីបានផ្តល់ឱ្យ Fox News នៅព្រឹកថ្ងៃពុធ ដោយលោកបានអះអាងថា ក្មេងៗស្ទើរតែមិនអាចឆ្លងជំងឺនេះ។ អ្នកនាំពាក្យហ្វេសប៊ុកលោក Andy Stone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃពុធថា៖«វីដេអូនោះរួមបញ្ចូលទាំងការអះអាងមិនពិតដែលថា មនុស្សមួយក្រុម (ក្មេងៗ) មានភាពស៊ាំនឹងជំងឺ COVID-19 ដែលជាការបំពានគោលការណ៍របស់យើង ជុំវិញព័ត៌មានមិនពិតនៃជំងឺ COVID-19»។

ឆ្លើយតបទៅនឹងការលុបចោលរបស់ហ្វេសប៊ុក លោក Courtney Parella អ្នកនាំពាក្យខាងលោក ដូណាល់ ត្រាំ បានរិះគន់ក្រុមហ៊ុនបណ្ដាញសង្គមនេះថា មានភាពលម្អៀងប្រឆាំងនឹងលោក ត្រាំ ដោយនិយាយថា៖«ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាអ្នកកាត់សេចក្តីនៃការពិតនោះទេ»។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុកបានបន្ថែមថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនបានលុបការបង្ហោះរបស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងព័ត៌មានមិនត្រឹមត្រូវ។

យ៉ាងណាវាមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនបណ្ដាញសង្គមដកការបង្ហោះចេញពីគណនីរបស់ប្រធានាធិបតី។ នៅខែមិថុនា ហ្វេសប៊ុកបានលុបចោលការផ្សាយពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយក្រុមឃោសនាលោក ត្រាំ  សម្រាប់និមិត្តសញ្ញាណាស៊ី។ ឃ្លីបដូចគ្នានេះក៏ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយក្រុមឃោសនាលោក ត្រាំ ហើយក្រោយមកត្រូវបានចែកចាយពីគណនីរបស់លោកប្រធានាធិបតីផ្ទាល់។ ការបង្ហោះនៅលើ Twitter នោះក៏គ្មានទៀតដែរ ហើយក្រុមហ៊ុនបានអះអាងថា វាបានរំលោភលើច្បាប់របស់ Twitter ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: