ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ
- August 7, 2020
ប្រទេសឥណ្ឌូណេស៊ីនឹងចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 លើមនុស្សដំណាក់កាលទី៣នៅសប្ដាហ៍ក្រោយ ដែលវ៉ាក់សាំងនេះ បង្កើតដោយក្រុមហ៊ុនចិន Sinovac Biotech ។
សារព័ត៌មានCNA បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា នេះថា វ៉ាក់សាំង COVID-19 នេះគឺជាការសហការរវាងក្រុមហ៊ុនផលិតឱសថ Bio Farma របស់ប្រទេសឥណ្ឌូណេស៊ី និងក្រុមហ៊ុន Sinovac Biotech របស់ចិន។ ការចាប់ផ្ដើមការតេស្ដសាកល្បងលើវ៉ាក់សាំងនេះគឺបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងនៅប្រទេសកើនឡើង។
ការតេស្ដសាកល្បងដំណាក់កាលទី៣នៃវ៉ាក់សាំងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែសីហា និងត្រូវការអ្នកស្ម័គ្រចិត្តចូលរួម ១ ៦២០នាក់អាយុចន្លោះ១៨ទៅ៥៩ឆ្នាំ។ ក្នុងការតេស្ដសាកល្បងនេះ អ្នកចូលរួមពាក់កណ្ដាលនឹងទទួលបានវ៉ាក់សាំងក្នុងរយៈពេល៦ខែ និងអ្នកនៅសល់ទទួលបានថ្នាំបញ្ឆោត (Placebo)។ បច្ចុប្បន្នមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន ៨០០នាក់ហើយ។
លោក Erick Thohir មន្ត្រីសហគ្រាសឱសថរបស់ឥណ្ឌូណេស៊ីបានលើកឡើងថាក្រុមហ៊ុន Bio Farma នឹងត្រៀមក្នុងការផលិតវ៉ាក់សាំង ២៥០លានដូសក្នុងមួយឆ្នាំនៅចុងឆ្នាំនេះប្រសិនជាវ៉ាក់សាំង Sinovac នេះទទួលបានជោគជ័យ។
គិតមកដល់ថ្ងៃនេះ ប្រទេសឥណ្ឌូណេស៊ីបានចំនួនអ្នកឆ្លងសរុបជាង ១១ម៉ឺនករណី ក្នុងនោះអ្នកជាសះស្បើយជាង៧ម៉ឺននាក់ និងអ្នកស្លាប់ ៥៥២១នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: