ព័ត៌មានជាតិ

អង្គការ FOUR PAWS បានបិទកន្លែងសត្តឃាតឆ្កែនៅកម្ពុជា

BY
srey nuch
August 7, 2020

ភ្នំពេញថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០៖ អង្គការ FOUR PAWS បានបិទកន្លែងសំលាប់សត្វឆ្កែមួយនៅខេត្តកំពង់ធំក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៥ ខែសីហា និងជួយសង្គ្រោះសត្វទាំង ១៥ក្បាល នៅនឹងកន្លែង។ នេះជាការបិទដោយជោគជ័យលើកទី២ បន្ទាប់ពីអង្គការ FOUR PAWS បានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ ២០១៩ ។ ការបិទនេះបានកើតឡើងបន្ទាប់ពីមានការហាមឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់នៅក្នុងខេត្តសៀមរាប។ សត្វឆ្កែប្រមាណ ៣លានក្បាលដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹមដែលត្រូវបានគេលួច ត្រូវបានគេសម្លាប់យកសាច់នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ អង្គការ FOUR PAWS កំពុងអំពាវនាវឱ្យមានការហាមឃាត់ជាដាច់ខាតក្នុងការជួញដូរសាច់ឆ្កែនិងឆ្មាយ៉ាងសាហាវនៅទូទាំងប្រទេសកម្ពុជានិងនៅអាស៊ីអាគ្នេយ៍ដោយសារការគំរាមកំហែងដល់សុខុមាលភាពសត្វនិងសុខភាពសាធារណៈ។

ទីសត្តឃាតដែលទើបតែបិទទ្វារនេះបានសម្លាប់សត្វឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំដែលភាគច្រើនត្រូវបានគេជួញដូរពីខេត្តសៀមរាបនិងបម្រើការជាអ្នកផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់។ ដោយសារទីតាំងយុទ្ធសាស្ត្ររវាងខេត្តសៀមរាបនិងភ្នំពេញ ការបិទទីសត្តឃាតនេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់សាច់ឆ្កែចូលខេត្តដែលនៅជិតគ្នានិងរាជធានី ហេតុដូច្នេះហើយវាមានប្រសិទ្ធភាពខ្ពស់។ ក្នុងកំឡុងពេលបិទទីសត្តឃាតនេះ អង្គការ FOUR PAWS បានជួយសង្គ្រោះសត្វឆ្កែទាំង ១៥ក្បាលនៅនឹងកន្លែងនិងបានដឹកពួកគេទៅកាន់អង្គការសប្បុរសធម៌ដៃគូក្នុងស្រុករបស់ខ្លួនគឺអង្គការសង្គ្រោះសត្វកម្ពុជា។

នៅទីនោះសត្វឆ្កែបានទទួលការព្យាបាលភ្លាមៗហើយនឹងត្រូវបានមើលថែទាំរហូតដល់ពួកគេរកឃើញផ្ទះដែលស្រឡាញ់និងចិញ្ចឹមពួកគេ។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “វាមានសន្ទុះមិនគួរឱ្យជឿនៅពាសពេញប្រទេសកម្ពុជាក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែហើយយើងមានអារម្មណ៍ធូរស្បើយនៅពេលឃើញកន្លែងនេះត្រូវបានបិទ។ យើងមិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែដែលត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្កែរាប់ម៉ឺនក្បាលទៀតដែលនឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ផងដែរ។ យើងក៏អាចធ្វើការដោយជោគជ័យជាមួយម្ចាស់ទីតាំងដែលគាត់មិនចង់ចូលរួមក្នុងជួញដូរនេះទៀតទេ។ ប៉ុន្តែការងារនេះមិនបញ្ចប់ដោយការបិទនោះទេ។ ប៉ុន្មានសប្តាហ៍ទៅប៉ុន្មានខែខាងមុខនេះគឺមានសារៈសំខាន់ក្នុងការផ្តល់ការព្យាបាលជាបន្តដល់សត្វឆ្កែដែលបានជួយសង្គ្រោះបន្ថែមពីលើសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដែលត្រូវការដើម្បីជួយឱ្យពួកគេងើបផុតពីបទពិសោធន៍ដ៏ឈឺចាប់នេះ។”

ក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូង អង្គការ FOUR PAWS បានជួបជាមួយម្ចាស់សត្តឃាតសត្វឆ្កែនៅខេត្តកំពង់ធំ ដែលពួកគាត់បានសំដែងការសោកស្ដាយចំពោះការសម្លាប់សត្វឆ្កែនិងអារម្មណ៍ដែលចង់ចេញពីការជួញដូរនេះ។ ដោយមានការប្រកាសថ្មីៗអំពីការហាមឃាត់ការហូបសាច់ឆ្កែនៅខេត្តសៀមរាប វាមានកម្លាំងជំរុញបន្ថែមទៀតនៅកម្ពុជាសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការជួញដូរនេះដើម្បីដកខ្លួនចេញ។ ដើម្បីជួយម្ចាស់សត្តឃាតឱ្យផ្លាស់ប្តូរចេញពីការធ្វើជួញដូរនេះ អង្គការ FOUR PAWS បានសម្រួលដល់ជីវភាពរស់នៅតាមរយៈ ការសាងសង់និងប្រតិបត្តិការហាងលក់គ្រឿងទេសតូចមួយដើម្បីធានាថាម្ចាស់សត្តឃាតអាចមានលទ្ធភាពផ្លាស់ប្តូរចេញពីការជួញដូរសាច់ឆ្កែបាន។ ម្ចាស់ទីសត្តឃាតក៏បានសន្យាប្តេជ្ញាពេញមួយជីវិតឈប់មានការពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែម្តងទៀត។ បន្ថែមពីលើការជួយសង្គ្រោះសត្វឆ្កែទាំងអស់នោះ អង្គការ FOUR PAWS បានរើទ្រុងនិងសំភារៈសំលាប់ទាំងអស់ចោល។

ក្រៅពីខេត្តសៀមរាបដែលថ្មីៗនេះហាមឃាត់ការជួញដូរសាច់ឆ្កែនោះ មិនមានច្បាប់ជាក់លាក់ណាមួយនៅកម្ពុជាហាមឃាត់ការជួញដូរនោះទេ។ ទោះយ៉ាងណាក៏ដោយច្បាប់គឺមានហើយប្រសិនបើត្រូវបានអនុវត្តទៀត វាអាចកាត់បន្ថយការជួញដូរបាន។ ការស៊ើបអង្កេតរបស់ អង្គការ FOUR PAWS បានបង្ហាញពីបញ្ហាសុខុមាលភាពសត្វធ្ងន់ធ្ងរនៅក្នុងគ្រប់ដំណាក់កាលនៃការជួញដូរ ចាប់ពីការចាប់បានរហូតដល់ការសម្លាប់។ ការជួញដូរនេះមានទំហំធំធេងគួរឱ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងការកើនឡើងនៃសត្វឆ្កែចំនួន ៣ លានក្បាលជារៀងរាល់ឆ្នាំដែលភាគច្រើនត្រូវបានចាប់យកនៅតាមផ្លូវ។ នៅប្រទេសកម្ពុជាសត្វឆ្កែភាគច្រើនត្រូវបានសម្លាប់ដោយពន្លិចក្នុងរណ្តៅ ព្យួរក ឬចាក់ក។ យោងតាមការស្រាវជ្រាវរបស់ អង្គការ FOUR PAWS សត្វឆ្កែនៅរស់មានតម្លៃចាប់យកពី ២ដុល្លារ ទៅ ៣ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈសាច់ឆៅ ១ គីឡូត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៤ ដុល្លារ។ សាច់ឆ្កែមួយចានមានតម្លៃតិចជាងមួយដុល្លារ។ នៅក្នុងរាជធានីភ្នំពេញតែឯងមាន ភោជនីយដ្ឋានសាច់ឆ្កែជាង ១១០ កន្លែង។ អ្នកបរិភោគភាគច្រើនជាបុរសដែលពួកមានទំនោរក្នុងការញ៉ាំសាច់ឆ្កែជាអាហារសម្រន់ជាមួយមិត្តភក្តិអមដោយគ្រឿងស្រវឹង។ ស្ត្រីដែលបរិភោគសាច់ឆ្កែផ្ទុយទៅវិញមានទំនោរញ៉ាំសាច់ឆ្កែនៅផ្ទះនិងដោយសារតែគេជឿថាជាថ្នាំព្យាបាលជំងឺ។

នៅប្រទេសកម្ពុជាអង្គការ FOUR PAWS សហការជាមួយអង្គការមនុស្សធម៌ក្នុងស្រុកមួយគឺអង្គការសង្រ្គោះសត្វកម្ពុជាដើម្បីលើកកម្ពស់សុខុមាលភាពសត្វនៅក្នុងប្រទេសបន្ថែមលើការចុះអនុស្សារណៈយោគយល់ជាមួយមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលជាភ្នាក់ងាររដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់ការធ្វើជួញដូរ សាច់ឆ្កែ ។ ដើម្បីបញ្ចប់ដោយនិរន្តរភាពលើការជួញដូរសាច់ឆ្កែនិងឆ្មាដ៏ឃោរឃៅនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាកអន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ីនិងវៀតណាម។ លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វនិងជាអ្នកគ្រប់គ្រងគម្រោងនៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វឆ្កែនិងឆ្មា បាននិយាយថា “តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ FOUR PAWS គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ដើម្បីណែនាំ ពង្រឹង និង អនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសំលាប់និងបរិភោគសាច់ឆ្កែនិងឆ្មា។ នេះមិនត្រឹមតែអាចការពារសត្វប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារមនុស្សផងដែរពីហានិភ័យសុខភាពសាធារណៈ។ ជំងឺរាតត្បាតកូវីត១៩ថ្មីៗបានបញ្ជាក់រឹតតែច្បាស់ពី គ្រោះថ្នាក់ការជួញដូរសត្វរស់។ ដូចដែលបានឃើញនៅទីក្រុង អ៊ូហានដែលទំនងជាប្រភពដើមនៃកូវីត១៩ គឺសត្វបានស្ថិតក្នុងស្ថានភាពចង្អៀតនិងលក្ខខណ្ឌមិនស្អាត និង ការដាក់លាយសត្វឈឺ។ ទាំងនេះក៏ត្រូវបានគេរកឃើញផងដែរនៅក្នុងការជួញដូរសាច់ឆ្កែរបស់ប្រទេសកម្ពុជាដែលអាចបណ្ដាលឱ្យមានការកកើតនូវវីរ៉ុសថ្មីៗ។

លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រអង្គការសុខុមាលភាពសត្វនិងសហគមន៍ក្នុងស្រុក ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ដែលការពារប្រឆាំងនឹងការជួញដូរនៅអាស៊ីអាគ្នេយ៍ក៏ដូចជាអាស៊ីសម្រាប់សម្ព័ន្ធសត្វដែលធ្វើការដើម្បីលើកកម្ពស់សុខុមាលភាពសត្វពាសពេញទ្វីបអាស៊ី។ ការគាំទ្រសម្រាប់ការបញ្ចប់ការជួញដូរដ៏ឃោរឃៅនេះបានទទួលការជំរុញជាសកលដោយទទួលបានហត្ថលេខាជាង ៨៣០,០០០ ចាប់តាំងពីវាបានចាប់ផ្តើមកាលពីចុងឆ្នាំមុន ៕ ចុចតំណភ្ជាប់នេះដើម្បីចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ឈប់ការជួយដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍៖https://help.four-paws.org/en/end-dog-and-cat-meat-trade-southeast-asia

Share This Post: