កងកម្លាំងមួកខៀវទាំង ៧១នាក់ ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី ១០០ខ្នង
- August 11, 2020
ក្រោយរកឃើញករណីវិជ្ជមាន COVID-19 លើស្ត្រីកងទ័ពមួកខៀវម្នាក់ រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃទី៨ សីហានោះ កងកម្លាំងមួកខៀវ ៧១នាក់ផ្សេងទៀត ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្សិលមិញនេះឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះមកពិនិត្យកងកម្លាំងមួកខៀវ ៧១នាក់ នៅទីតាំងធ្វើចត្តាឡីស័កបន្ត និងបានលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំង ៧១នាក់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាល COVID-19។
ក្នុងចំណោមកងទ័ពមួកខៀវ ទាំង ៨០នាក់ ដែលវិលត្រលប់ពីប្រទេសម៉ាលី មកដល់កម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ បានរកឃើញករណីវិជ្ជមាន COVID-19 ជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃទី១១ ខែសីហានេះ មានវិជ្ជមាន COVID-19 ចំនួន ៩នាក់។ ករណីវិជ្ជមាន COVID-19 ថ្មីៗនេះ បានរកឃើញស្ត្រីកងទ័ពមួកខៀវ អាយុ ២៧ឆ្នាំ រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីស្ត្រីរូបនេះគ្រប់កាលកំណត់នៃការធ្វើចត្តាឡីស័កនៅមណ្ឌល និងបានចាកចេញទៅផ្ទះហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
រូបភាព៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព
- Share This Post: