បច្ចេកវិទ្យា

ជប៉ុនកំពុងតេស្ដកម្មវិធីសំឡេងគាំទ្រពីចម្ងាយ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រកីឡាបានស្រែកហ៊ោដល់ពហុកីឡដ្ឋាន នៅពេលមើលការប្រកួតផ្សាយផ្ទាល់ពីចម្ងាយ

BY
autoadmin
August 11, 2020

បញ្ហាជំងឺ COVID-19 បានរំខានដល់គ្រប់វិស័យ ហើយជាក់ស្ដែងសម្រាប់អ្នកដែលគាំទ្រវិស័យកីឡាវិញ ពួកគេមិនត្រូវបានអនុញ្ញាឱ្យទៅមើលការប្រកួតផ្ទាល់នោះទេ ទោះបីប្រទេសមួយចំនួនបានឱ្យមានការប្រកួតកីឡាឡើងវិញក្ដី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងចំណោមអ្នកគាំទ្រ។ យ៉ាងណាក៏ដោយមានក្រុមហ៊ុនជប៉ុនមួយហាក់មានដំណោះស្រាយថ្មីដើម្បីលើកទឹកចិត្តអ្នកលេងកីឡា ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេ ជាមួយនឹងបច្ចេកវិទ្យាស្រែកហ៊ោពីចម្ងាយគាំទ្រការប្រកួតកីឡាទាំងមូល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Yamaha Corporation កំពុងសាកល្បងបច្ចេកវិទ្យាថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកគាំទ្របញ្ចេញសំលេងគាំទ្រនៅក្នុងការប្រកួតកីឡាតាមរយៈកម្មវិធីស្មាតហ្វូនមួយ នៅពេលដែលពួកគេកំពុងមើលការប្រកួតផ្សាយផ្ទាល់។ បច្ចេកវិទ្យានោះនឹងអនុញ្ញាឱ្យអ្នកគាំទ្រចុចប៊ូតុងស្រែកហ៊ោ ទះដៃ និងស្រែកស្រុះគ្នា -ល- ហើយសំឡេងរបស់ពួកគេនឹងបញ្ជូនមកកាន់បំពង់សំឡេង speaker ដែលមាននៅតាមពហុកីឡដ្ឋានស្រាប់។

ការពិតទៅដំបូងឡើយបច្ចេកវិទ្យានេះធ្វើឡើងសម្រាប់អ្នកជំងឺចាស់ៗនៅតាមមន្ទីរពេទ្យ ដើម្បីឱ្យពួកគាត់បានឆ្លងឆ្លើយពីចម្ងាយ ប៉ុន្តែដោយសារបញ្ហាជំងឺ COVID-19 វាធ្វើឱ្យក្រុមហ៊ុននេះមានឱកាសបានបញ្ចេញស្នាដៃខ្លួន។ ឥឡូវនេះពួកគេកំពុងស្ថិតក្នុងដំណើរការស្នើយកប៉ាតង់ ហើយក៏កំពុងតេស្ដប្រព័ន្ធសំឡេងនេះឱ្យក្លឹបបាល់ទាត់ជប៉ុនចំនួន ២៦ ក៏ដូចជាក្លឹបបេស្បលមួយចំនួនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: