APPLE គ្រោងនឹងបើក Apple Store អណ្ដែតលើទឹកដំបូងបំផុតរបស់ខ្លួន នៅប្រទេសសាំងហ្គាពួរ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបើកហាងទី៣របស់ខ្លួន នៅឯប្រទេសសាំងហ្គាពួរឆាប់ៗនេះហើយ ដោយហាងថ្មីនេះផ្ទាល់មានទីតាំងនៅ ម៉ារីណាបេយ៍ (Marina Bay Sands) ហើយវានឹងក្លាយជាហាង Apple ដំបូងគេនៅលើពិភពលោកដែលមានទីតាំងនៅលើទឹក។ ទីតាំងនោះធ្លាប់កាន់កាប់ដោយក្លឹបរាត្រី Avalon ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ប៉ុន្តែឥឡូវនេះវានឹងត្រូវកាន់កាប់ដោយហាងរបស់ Apple ហើយក្រុមហ៊ុន Apple ក៏បានបង្ហើបព័ត៌មាននេះតាមរយៈ Teaser ថ្មីមួយនៅលើវេបសាយរបស់ខ្លួនផងដែរ។

គួរឱ្យដឹងដែរថាក្រុមហ៊ុន Apple បានបើកហាងដំបូងរបស់ខ្លួននៅសាំងហ្គាពួរនៅឯអគារ Knightsbridge តាមបណ្តោយផ្លូវ Orchard ក្នុងឆ្នាំ២០១៧។ កាលពីសប្តាហ៍មុនក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដំបូងគេរបស់អាមេរិក ដែលឈានដល់ទំហំទឹកប្រាក់ចំនួន ២ ទ្រីលានដុល្លារអាមេរិក នៅក្នុងតម្លៃទីផ្សារ (market value) ដោយសារតែតម្រូវការដ៏រឹងមាំ ទោះបីជាមានបញ្ហាជំងឺរាតត្បាត COVID-19 ក៏ដោយ៕




អត្ថបទ៖ លីដា
ប្រភព៖ Today Online