ពេលកូនមានអាការៈប្រកាច់ប៉ាម៉ាក់ដឹងតែភ័យហើយ តែត្រូវចេះធ្វើរឿងទាំងនេះដែរ
- September 3, 2020
គ្នាយើងមានកូនបើឃើញកូនយើង ឬកូនអ្នកផ្សេងមានអាការៈប្រកាច់ តើគួរជួយដោយរបៀបណា? មានការលើកឡើងថាក្មេងម្នាក់ក្នុងចំណោម១០នាក់អាចមានអាការៈប្រកាច់នេះម្ដងក្នុងមួយជីវិតរបស់ពួកគេ។ អាការៈប្រកាច់អាចថាជាសញ្ញាគ្រោះថ្នាក់មួយដែរ។ អាការៈនេះកើតឡើងនៅពេលចរន្តអគ្គិសនីនៅក្នុងខួរក្បាលមានសកម្មភាពកើនឡើង( surges in the brain’s electrical activity) ហើយពេលខ្លះអាចធ្វើឲ្យកុមារដួល និងញ័រខ្លួនខ្លាំងជាដើម ឬក៏ក្មេងអាចមានអាការៈបាត់មាត់បាត់កភ្លាមៗ ដោយមានទាំងការបញ្ឈរភ្នែកទៀតផង។
បើស្ដាប់ទៅដូចជាគួរឲ្យខ្លាចណាស់ហើយ ប៉ុន្តែសមាគមជំងឺកុមាររបស់ហរដ្ឋអាមេរិកបានលើកឡើងថាការប្រកាច់លើកុមារមិនមានសុទ្ធជារឿងធ្ងន់ធ្ងរត្រូវការការសង្គ្រោះបន្ទាន់នោះដែរ ហើយថាកុមារអាចនឹងបាត់ប្រកាច់វិញនៅរយៈពេល៥នាទីក្រោយ។
ខាងក្រោមនេះជាអ្វីដែលប៉ាម៉ាក់ត្រូវដឹងពេលកូនមានអាការៈប្រកាច់៖
+ កុំជ្រួលច្របល់ និងត្រូវផ្ដល់ការសង្គ្រោះបឋមដល់កូន ការពារកុំឲ្យកូនមានរងរបួសអំឡុងពេលប្រកាច់។
+ ត្រូវមើលថាពេលណាគួរតែបញ្ជូនកូនទៅមន្ទីរពេទ្យ
+ ត្រូវតាមដានអាការៈប្រកាច់របស់កូនជាមួយគ្រូពេទ្យក្រោយពីប្រកាច់។
ទាំងនេះជាដំណាក់កាលប៉ាម៉ាក់ត្រូវធ្វើ បើឃើញកូនប្រកាច់
+ បើយើងមិនច្បាស់ថាកូនយើងប្រកាច់ឬអត់នោះ យើងសាកបញ្ចាំងពិលដាក់កូន និងស្រែកហៅឈ្មោះកូនក្នុងសំឡេងឮៗដើម្បីដឹងថាកូនមានប្រតិកម្មតបនឹងយើងឬអត់។
+ នៅជិតកូនជានិច្ច កុំទុកកូនឲ្យនៅម្នាក់ឯង
+ ដាក់កូនដេកផ្ទាល់នឹងដី និងបែរខ្លួនកូនទៅចំហៀង ដើម្បីការពារកុំឲ្យកូនឈ្លក់ ឬក្អួត
+ ត្រូវប្រាកដថាគ្មានរបស់មុតស្រួចនៅជិតកូនទេពេលកូនកំពុងប្រកាច់ និងកុំព្យាយាមចាប់កូនឲ្យនៅស្ងៀមពេលកូនប្រកាច់។
+ កុំព្យាយាមដាក់របស់អ្វីមួយចូលក្នុងមាត់កូន ក្មេងប្រកាច់ច្រើនតែខាំធ្មេញ បើយើងព្យាយាមដាក់អ្វីមួយចូលក្នុងមាត់ក្មេងៗអាចខាំដៃយើង ឬធ្វើឲ្យក្មេងរបួស។
+ ផ្ទៀងម៉ោងមើលថាកូនប្រកាច់យូរប៉ុនណា។
ពេលណាត្រូវបញ្ជូនកូនទៅមន្ទីរពេទ្យ?
+ បើនេះជាករណីទី១ដែលកូនយើងប្រកាច់
+ បើការប្រកាច់នេះយូរជាង៥នាទី
+ បើកូនប្រកាច់បែបកោងខ្នង ហើយមិនវិលមករកភាពប្រក្រតីវិញ
+ កូនមិនដឹងខ្លួនក្រោយប្រកាច់
+ កូនមានរបួសអំឡុងពេលប្រកាច់
+ កូនពិបាកដកដង្ហើម
+ ករណីកូនប្រកាច់ក្នុងទឹក
+ បើកូនមានជំងឺទឹកនោមផ្អែម ឬជំងឺប្រចាំកាយផ្សេងៗទៀត
ពិគ្រោះជាមួយគ្រូពេទ្យពីអាការៈកូន
គ្រូពេទ្យអាចពិនិត្យដឹងថាក្មេងប្រកាច់ដោយសាររឿងអ្វីមួយបាន ជួនកាលក្មេងប្រកាច់ដោយសារតែក្ដៅខ្លួនខ្លាំង បញ្ហាថ្នាំ ឬមកពីបញ្ហាប្រព័ន្ធប្រសាទ។ គ្រូពេទ្យអាចជួយយើងព្យាបាលអាការៈទាំងនេះបាន ហើយក៏អាចជួយយើងក្នុងការរៀបចំផែនការសង្គ្រោះពេលកូនយើងប្រកាច់លើកក្រោយៗបានទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: