សុខភាព

ពេលសត្វល្អិតចូលត្រចៀក គួរធ្វើបែបណាដើម្បីយកវាចេញមកក្រៅវិញ?

BY
Khmernote Media
October 7, 2020

នៅ​ពេល​មាន​របស់ ឬ​សត្វ​អ្វី​មួយ​ចូល​ក្នុង​ត្រចៀក ពិតជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​សម្រាប់​ក្មេង​ទៀតសោត​ឃើញ​ឧស្សាហ៍​ជួប​បញ្ហា​មួយ​នេះញឹកញាប់។ នៅ​ពេល​មាន​សត្វ​ចូល​ក្នុង​ត្រចៀក​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ណែនាំវិធី​យក​ចេញ​ភ្លាម​ៗ​ទាំង​ដោយ​ខ្លួនឯង ឬ​យក​កូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ចាប់​យក​ចេញ​ដោយ​ឧបករណ៍​ត្រឹមត្រូវ។

ប៉ុន្តែ​បើ​កើត​ឡើង​ភ្លាម​ៗ ហើយ​ជន​រងគ្រោះ​មាន​អាការៈ​ឈឺ​ចុកចាប់​ខ្លាំង ព្រម​ទាំង​មន្ទីរពេទ្យ​នៅ​ឆ្ងាយ​ទៀត​នោះ ត្រូវ​រក​ប្រេង​ធម្មជាតិ ប្រេង​អូលីវ ឬ​ប្រេង​ទារក បន្តក់​ចូល​ក្នុង​ត្រចៀក​ ធ្វើ​ដូច្នេះ​សត្វ​ល្អិត​នឹង​ថប់​ដង្ហើម​ងាប់ ហើយ​វា​នឹង​អណ្ដែត​ឡើង​មក​លើ​ប្រេង ហើយ​នៅ​ពេល​បន្តក់​រួច​ត្រូវ​ផ្អៀង​ក្បាល​ខាង​ចូល​នោះ​ឡើង​លើ ដើម្បី​ឲ្យ​ប្រេង​ស្ថិត​ក្នុង​ប្រហោង​ត្រចៀក។

លោក​បាន​បន្ថែម​ទៀត​ថា ប៉ុន្តែ​បើ​គ្មាន​ប្រេង​អស់​ទាំង​នោះ យើង​អាច​យក​សឺរ៉ាំង ​បូម​សេរ៉ូម​ប្រៃ​ឲ្យ​ពេញ ហើយ​បាញ់​ចូល​ទៅ​ក្នុង​ត្រចៀក​ខាង​មាន​សត្វ​ល្អិត​ចូល នោះ​សត្វ​ល្អិត​នឹង​ផុស​ចេញ​មក​ក្រៅ ហើយ​ចាំ​ផ្អៀង​ឲ្យ​ទឹក​ហូរ​ចេញ​។ មួយ​វិញ​ទៀត​ប្រសិនបើ​គ្មាន​សេរ៉ូម​ប្រៃ​ទេ យើង​អាច​ប្រើ​ទឹក​ស្អាត ដាក់​ចូល​ក្នុង​ត្រចៀក ដើម្បី​ឲ្យ​សត្វ​ផុស​ឡើង​មក​ក៏​បាន។

សម្រាប់​ពេទ្យ​វិញ មាន​វិធី ២ ដើម្បី​យក​សត្វ​ចេញ​ពី​ក្នុង​ត្រចៀក ទី​១ គឺ​ប្រើ​ឧបករណ៍​បាញ់​ឲ្យ​សត្វ​នោះ​ចេញ​មក​ក្រៅ ហើយ​ទី​២ វិញ​គឺ​ប្រើ​ឧបករណ៍​បូម​យក​មក​តែម្ដង។ វិធី​ទាំងនេះ​ប្រើ​ចំពោះ​កូន​ក្មេង និង​មនុស្ស​ធំ​បាន​ដូចគ្នា​។

រឿង​ត្រូវ​ដឹង ពេល​មាន​សត្វ​ចូល​ត្រចៀក មិន​គួរ​រក​អ្វី​មក​ត្បារ​ឡើយ ព្រោះ​វា​កាន់តែ​ធ្វើឲ្យ​សត្វ​នោះ​កាន់តែ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ សត្វ​ខាំ ឬ​សត្វ​នោះ​ដាច់ដោច បាក់​ដៃជើង ចូល​ក្នុងត្រចៀក នាំ​ឲ្យ​នៅ​ឈឺត្រ​ចៀក ពេល​ខ្លះ​ទៅ​ជា​ដំបៅ​ត្រចៀក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូេពទ្យ

Share This Post: