បច្ចេកវិទ្យា អន្តរជាតិ

ឥតល្ហែ! Drone មួយគ្រឿងបុកជាមួយនឹងឧទ្ធម្ភាគចក្រទៀតហើយ តែម្ដងនេះក្នុងសហរដ្ឋអាមេរិចវិញម្ដង ដែលបណ្ដាលឲ្យឧទ្ធម្ភាគចក្រនោះធ្លាក់ទៀតផង

BY
Khmernote Media
February 19, 2018

បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនទាក់ទងទៅនឹង Drone ដែលបានបង្កគ្រោះថ្នាក់ទៅលើយន្តហោះមិនចេះតិច ហើយថែមទាំងធ្វើឲ្យម៉ាស៊ីនឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានបញ្ហាដែរនោះ ឥឡូវ Drone នេះដដែលបានបណ្តាលឲ្យយន្តហោះមួយគ្រឿងធ្លាក់ជាលើកដំបូងនៅសហរដ្ឋអាមេរិកទៀតផង។


យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ក្រុមប្រឹក្សាជាតិផ្នែកសុវត្ថិភាពដឹកជញ្ជូន (NTSB) បានបើកការស៊ើបអង្កេតលើការធ្លាក់ឧទ្ធម្ភាគចក្រមួយដែលបានកើតឡើងនៅទីក្រុង Daniel Island ក្នុងរដ្ឋ South Carolina កាលពីថ្ងៃពុធ។ សម្រាប់របាយការណ៍របស់នាយកដ្ឋានប៉ូលីសក្រុង Charleston បានលើកឡើងថា សិស្សម្នាក់ និងគ្រូរបស់ខ្លួនបានហោះហើរឧទ្ធម្ភាគចក្រ Robinson Helicopter Co. R22 កាលពីកំឡុងម៉ោង 2រសៀល ភ្លាមនោះ Drone មួយគ្រឿងរបស់ក្រុមហ៊ុន DJI ម៉ូដែល Phantom បានលេចឡើងនៅមុខពួកគេ ហើយក៏មិនឆ្ងាយប៉ុន្មានពីឧទ្ធម្ភាគចក្ររបស់ពួកគេដែរ។ ដោយឃើញបែបនោះ គ្រូបានទៅចាប់ទាញចង្កូតភ្លាម រួចព្យាយាមគេចពី Drone នោះ ប៉ុន្ដែជាអកុសល់ កន្ទុយរបស់ឧទ្ធម្ភាគចក្របានប៉ះទៅនឹងដើមឈើ រួចក៏ធ្លាក់ចុះមកក្រោមតែម្ដង។

គួរបញ្ជាក់ផងដែរថា ទាំងគ្រូ និងសិស្សត្រូវបានរួចចេញពីឧបទ្ទវហេតុដោយសុវត្ថិភាព ប៉ុន្ដែកន្ទុយរបស់ឧទ្ធម្ភាគចក្រហាក់ដូចជាទទួលរងការខូចខាតខ្លាំងដែរ។ អ្នកនាំពាក្យរបស់ NTSB លោក Chris O’Neil បាននិយាយថា NTSB បានដឹងពីរបាយការណ៍ទាក់ទងទៅនឹងករណីនេះហើយ។ ចំណែកឯម្ចាស់ឧទ្ធម្ភាគចក្រគឺពិតជាព្យាយាមគេចពី Drone មែនទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ។

ស្របពេលជាមួយគ្នានេះដែរ ក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន DJI បានលើកឡើងថា ពួកគេកំពុងព្យាយាមស្វែងយល់បន្ថែមអំពីឧបទ្ទវហេតុនេះ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់អ្នកស៊ើបអង្កេត។

Fu

ខ្មែរណូត

ប្រភព៖ petapixel

Share This Post: