PR

ភីអិនអិន រៀបចំពិធីក្រុងពាលីចេញថតរឿងថ្មីបន្តទៀត គឺរឿង «ព្រហ្មលិខិតលំអៀង»

BY
Liny Chan
October 13, 2020

ភីអិនអិន ស្ថានីយ៍ទូរទស្សន៍ឈានមុខគេនៅកម្ពុជា ដែលភាគច្រើនទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ស្គាល់តាមរយៈការចេញផ្សាយនូវចំណងដៃនៃខ្សែភាពយន្តភាគខ្មែរជាច្រើនរឿងបន្តបន្ទាប់គ្នា។ ដោយទទួលបានការលើកទឹកចិត្ត ទស្សនានូវរឿងភាគខ្មែរ កាន់តែខ្លាំងឡើងៗ ភីអិនអិន ក៏បានសហការជាមួយនឹងផលិតកម្មធំៗនៅក្នុងស្រុក ដើម្បីធ្វើការផលិត និងដឹកនាំរឿង បម្រើអារម្មណ៍ទស្សនិកជនបន្តទៀត។

កាលពីថ្ងៃ ចន្ទ ទី ១២ ខែតុលា ឆ្នាំ ២០២០ ភីអិនអិន ចាប់ដៃគ្នាជាមួយនឹងផលិតកម្ម PR រៀបចំនូវពិធីក្រុងពាលី ដើម្បីផ្តើមថតរឿងភាគថ្មី មួយក្រោយចំណងជើង « ព្រហ្មលិខិតលំអៀង» ។ ការចាប់ផ្តើមថតនូវសាច់រឿងថ្មីនេះដែរ ក៏មានការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើគុណភាពនៃការដឹកនាំ ការសម្តែង និងការដាក់មនោសញ្ចេតនារបស់តួអង្គនីមួយៗ។ ជាពិសេស ជាប្រភេទសាច់រឿងបែបឆ្លុះបញ្ចាំងពីការតស៊ូ ក្នុងជីវិត និងព្រេងវាសនារបស់មនុស្សម្នាក់ៗដែលមានជីវិតខុសគ្នាដូចមេឃ និងដី។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ក៏បានមានប្រសាសន៍លើកឡើងដែរថា នេះជាចំណងដៃថ្មីមួយទៀត ដែលភីអិនអិន និងផលិតកម្មជាដៃគូ បានប្រឹងប្រែងធ្វើយ៉ាងណាឲ្យទទួលបានការគាំទ្រកាន់តែខ្លាំងពី បងប្អូនទស្សនិកជន ដោយផ្តោតទៅលើអត្ថន័យសាច់រឿង និងគុណភាពកម្រិតរូបភាពសមស្របតាមបច្ចេកវិទ្យាសម័យទំនើប។ យ៉ាងណាមិញ ដូចជានៅក្នុងរឿង « ព្រហ្មលិខិតលំអៀង» នេះដែរ គឺយើងចង់ចែករំលែកនូវរសជាតិជីវិតទៅតាមកម្មផល និងបុណ្យវាសនាដែលរូមនុស្សម្នាក់ៗកើតមកទទួលបាន។ តួយ៉ាង ដូចជា តួអង្គស្រី ដែលជាកូនភ្លោះ ថ្វីត្បិតកើតមកក្នុងតំណក់ឈាមរួមគ្នា ប៉ុន្តែបែរជាមានវាសនាខុសគ្នាទៅវិញ។

វត្តមានតារាសម្តែងល្បីៗ និងភ្ញៀវកត្តិយសជាច្រើន ដែលបានចូលរួមនៅក្នុងពិធីក្រុងពាលីរឿងនេះ មានដូចជា កញ្ញា សុីន យូប៊ីន ( សម្តែងជា តួអង្គពីរ កូនភ្លោះ) , លោក ក្រិច ណាខុន ( តួឯកប្រុស ) , អ្នកនាង លី ម៉ារីណា , លោក យ៉ែម សំអូន, លោក សុខ សាននី ,កញ្ញា លឹម មួយហ្គេច, លោក ឡាយ វណ្ណយុទ្ធ, អ្នកនាង កែវ ស្រីណាក់, កុមារី ម៉ានីកា, អ្នកនាង ពេជ្រ ឆដា, កុមារា វិជ្ជា មុន្នី, លោក ណារ៉ុង, លោក ដារិទ្ធ, លោក កូយ៉ា, កញ្្ា ស្រីនុត, លោក ហុី ដារ៉ាត់, អ្នកនាង វ៉ាន់ ដានិច្ច, និងតារាសម្តែងជាច្រើននាក់ទៀតផង។

ជាថ្មីម្តងទៀត ភីអិនអិន ក៏នឹងបន្តសហការជាមួយនឹងផលិតកម្មធំៗ ល្បី ដើម្បីធ្វើយ៉ាងណា ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការផលិតនូវរឿងភាគថ្មីៗ ប្រកបដោយគុណភាព គុណតម្លៃ និងអត្ថន័យ។ ភីអិនអិន សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ទៅលើការបន្តគាំទ្រពីសំណាក់ទស្សនិកជន បងប្អូន ទៅលើការផលិតខ្សែភាពយន្តភាគខ្មែរថ្មីៗបន្ថែមទៀត៕

Share This Post: