ភ្នំពេញ ខេត្តកណ្តាល និង ខេត្តបន្ទាយមានជ័យ នៅបន្តរងផលប៉ះពាល់ដោយសារទឹកជំនន់ យូរជាងខេត្តផ្សេងៗទៀត ដែលទឹកចាប់ផ្តើមស្រកវិញជាបណ្តើរៗ
នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចុះទៅជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ដែលបានរងផងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឆ្លៀតក្នុងឱកាសនោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់អោយដឹងថា ចំពោះខេត្តកំពង់ស្ពឺ ទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ ប៉ុន្តែ សម្រាប់ខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចនឹងបន្តប៉ះពាល់យូរជាងកំពង់ស្ពឺ ប្រមាណ២ទៅ៣ថ្ងៃបន្ថែមទៀត ដោយសារតែភូមិសាស្ត្រ ខេត្តកណ្តាល និងភ្នំពេញ នៅក្រោមកំពង់ស្ពឺ។

ក្នុងនោះសម្តេចក៏បានបញ្ជាក់បន្ថែមថា ចំពោះខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ធំ ស្ទឹងត្រែង ហើយនឹងខេត្តព្រះសីហនុ ក៏មានការធូរស្រាលហើយ ប៉ុន្តែតាមការព្យាករណ៍អាកាសធាតុ វានឹងមានព្យុះ មានសម្ពាធទាបបន្តទៅទៀត ដែលអាចនឹងគម្រាមកំហែងដល់តំបន់ដែលរងគ្រោះស្រាប់ទេ តែវាអាចនឹងគម្រាមកំហែងទៅតំបន់ផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕
