PR

ខ្សែភាពយន្តភាគខ្មែរដ៏ធំ ២ រឿង នឹងត្រូវគ្រោងផលិតដោយស្ថានីយ៍ទូរទស្សន៍ភីអិនអិន ប្រចាំឆ្នាំ ២០២១

BY
Liny Chan
October 16, 2020

ខ្សែភាពយន្តភាគខ្មែរ ជាច្រើនរឿង បាននឹងកំពុងមានវត្តមានបម្រើអារម្មណ៍ទស្សនិកជន នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ដោយមើលឃើញ ពីសន្ទុះនៃការគាំទ្រវិស័យភាពយន្តខ្មែរ ក៏ដូចជា ការទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់នោះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន គ្រោងនឹងការផលិតភាពយន្តភាគជាច្រើនរឿងបន្ថែមទៀត នារដូវកាលថ្មីនេះផងដែរ។

រំលឹកថយក្រោយទៅកាន់រយៈពេលកាលពីជាង១០ឆ្នាំមុននោះ ទស្សនិកជន ប្រហែលជានៅចងចាំនូវខ្សែភាពយន្តភាគខ្មែរ ចំនួនពីររឿង ដែលទទួលបានការគាំទ្រ និងតាមដានជក់ចិត្តយ៉ាងខ្លាំងពីទស្សនិកជន នោះគឺ រឿង «ស្នាមស្នេហ៍សមុទ្ររាម» និងរឿង «មរណៈមាតា»។ សម្រាប់ឆ្នាំ ២០២១ នេះ ភីអិនអិន ក៏នឹងត្រៀមផលិតរឿងទាំងពីរនេះ ជាខ្សែភាពយន្តភាគខ្មែរធំ លក្ខណៈស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ ជាថ្មីម្តងទៀត ដើម្បី ជាចំណងដៃ សម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២១។

ក្នុងនោះ វត្តមានតារាសម្តែងដ៏ស្រស់ស្អាតជាច្រើនដួង ក៏នឹងត្រៀមរួចរាល់ជាច្រើន ក្នុងការដើរតួសម្តែងឲ្យបានយ៉ាងល្អ សាកសមទៅនឹងអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធ និងផលិតករបានរៀបចំឡើង។ តួយ៉ាង រឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលជាប្រភេទរឿង មនោសញ្ចេតនាស្នេហា កម្សត់ និងបង្ហាញពីអនុស្សាវរីយ៍បែបគូស្នេហ៍ ក៏នឹងមានការចូលរួមសម្តែងដោយតួឯកស្រី កញ្ញា អឿន រ៉ូហ្សារ , លោក ពៅ ពិសិដ្ឋ( តួឯកប្រុស ) លោក ឡេង ឧត្តម , កញ្ញា នីតា វ៉ូរ៉ាវង្ស, លោក Jimmy , កញ្ញា ឈុន សួងអុី, រួមទាំងតារាប្រុសស្រីជាច្រើនដួងទៀត។ តាមការអោយដឹងពី អ្នកស្រី ពាន់ ភួងបុប្ផា រឿង «ស្នាមស្នេហ៍សមុទ្ររាម» នេះក៏ជាស្នាដៃផលិតខ្សែភាពយន្តភាគចុងក្រោយរបស់អ្នកស្រីផងដែរ។

ដោយឡែក សម្រាប់រឿងភាគបុរាណ បែបអក្សរសិល្បិ៍ខ្មែរ រឿង «មរណៈមាតា» ជាសាច់រឿងបែបកម្សត់ សោកសង្រេង រៀបរាប់ពីខ្សែជីវិតព្រាត់ប្រាស់អ្នកមានគុណ ប៉ុន្តែដោយសារតែភាពកត្តញ្ញូ របស់កូនស្រីម្នាក់ ក៏នឹងរួចផុតពីកម្មពៀរអស់ទាំងនោះ ។ ក្នុងន័យនេះ ភីអិនអិន ផលិតរឿងភាគបែបអក្សរសិល្បិ៍នេះឡើង ក៏ដើម្បីបម្រើចក្ខុទស្សនិកជន ក៏ដូចជាចែករំលែកនូវចំណេះដឹង គុណធម៌ ការរៀនសូត្រ ពីបុណ្យ បាប ក្នុងផ្លូវព្រះពុទ្ធសាសនាផងដែរ។

យ៉ាងណាមិញ ការគ្រោងនឹងត្រៀមផលិតខ្សែភាពយន្តភាគខ្មែរ ធំទាំងពីររឿងខាងលើនេះ ភីអិនអិន ក៏សង្ឃឹមជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ដើម្បីជាការលើកចិត្តដល់ក្រុមការងារ ក្នុងការផលិតសាច់រឿងឲ្យបានល្អ។ ភីអិនអិន រួមទាំងផលិតកម្មជាដៃគូ នឹងព្យាយាមឲ្យអស់ពីកម្លាំងចិត្ត ដើម្បីទទួលបានភាពយន្តខ្មែរគុណភាពខ្ពស់ ជូនទៅដល់ទស្សនិជន។ សូមរង់ចាំតាមដានទស្សនា នូវសាច់រឿងទាំងពីរនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ៕

Share This Post: