ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនខិលខូចបានឆ្លៀតឱកាសកេងយកផលចំណេញផ្ទាល់ខ្លួនដើររៃអង្គាសបច្ច័យ ដើម្បីចូលបុណ្យសពឪពុកអភិបាលខណ្ឌចំការមន

    BY Khmernote Media October 16, 2020
    ជនខិលខូចបានឆ្លៀតឱកាសកេងយកផលចំណេញផ្ទាល់ខ្លួនដើររៃអង្គាសបច្ច័យ ដើម្បីចូលបុណ្យសពឪពុកអភិបាលខណ្ឌចំការមន

    រាជធានីភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្តាជ្រាបថា៖ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឧបាសក ទុយ ធិន ត្រូវជាឪពុកបង្កើតរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានទទួលមរណៈភាព ដោយរោគាពាធ ហើយជាមួយគ្នានេះ ផេករបស់រដ្ឋបាលខណ្ឌចំការមន ដែលមានឈ្មោះថា រដ្ឋបាលខណ្ឌចំការមន ក៏បានធ្វើការផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីមរណៈទុក្ខនេះ ដើម្បីអោយញាតិមិត្តជិតឆ្ងាយនៃសពបានជ្រាប។

    ប៉ុន្តែផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ មានជនខិលខូចបានឆ្លៀតឱកាសនេះកេងយកផលចំណេញផ្ទាល់ខ្លួនដើររៃអង្គាសបច្ច័យ ដើម្បីចូលបុណ្យសព ដោយបាននិយាយថា ធ្វើទៅតាមការណែនាំរបស់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នៅតាមលំនៅដ្ឋាន ទីតាំងអាជីវកម្ម និងក្រុមហ៊ុនឯកជននានាក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន។

    ចំពោះសកម្មភាពខាងលើនេះ រដ្ឋបាលខណ្ឌចំការមន សូមធ្វើការច្រានចោល និងបដិសេធទាំងស្រុង ព្រមទាំងថ្កោលទោសចំពោះទង្វើរដ៏ថោកទាបរបស់ជនខិលខូចដែលបានយកឆ្លៀតឱកាសយកមរណៈទុក្ខនេះមកកេងយកប្រយោជន៍ផ្ទាល់ខ្លួន ហើយជាមួយគ្នានេះផងដែរ សូមជម្រាបជូនថា ទាំងរដ្ឋបាលខណ្ឌចំការមន ក៏ដូចជាលោកអភិបាលខណ្ឌពុំបានចាត់មន្ត្រី ឬបុគ្គលណាមួយអោយដើររៃអង្គាសបច្ច័យ ដើម្បីចូលបុណ្យសពរបស់ឪពុកលោកនោះទេ។

    អាស្រ័យហេតុនេះ សូមសាធារណៈជន ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

    Share This Post: