ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនស្រវឹងធ្លាក់ភ្នែកបើករថយន្ត PRIUS បោះពួយលឿនដូចហោះ បុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ហើយចិននោះព្រមចុះពីឡាន រួចម្តងថាព្រមសង ម្តងថាមិនព្រមសង

    BY Khmernote Media October 18, 2020
    ចិនស្រវឹងធ្លាក់ភ្នែកបើករថយន្ត PRIUS បោះពួយលឿនដូចហោះ បុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ហើយចិននោះព្រមចុះពីឡាន រួចម្តងថាព្រមសង ម្តងថាមិនព្រមសង

    ក្រុងតាខ្មៅ ៖ ភ័យចង់គាំងបេះដូង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បើករថយន្ត PRIUS ទាំងស្រវឹងធ្លាក់ភ្នែក ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿង នៅមុខផ្សារតាខ្មៅថ្មី បណ្ដាលឲ្យមានបុរសម្នាក់រងរបួសជើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០០:៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៧ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចមុខផ្សារតាខ្មៅថ្មី លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    សាក្សីដែលជាអ្នកដឹកបន្លែនិងជាអ្នកឃើញហេតុការណ៍ផ្ទាល់ម្នាក់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ នៅត្រង់ចំណុចកើតហេតុខាងលើ(មុខផ្សារតាខ្មៅថ្មី) មានបងប្អូនប្រជាពលរដ្ឋនិងអាជីវករអ្នកលក់បន្លែ បានឈប់យានយន្ត រទេះ រ៉ឺម៉ក និងម៉ូតូដឹកបន្លែផ្សេងៗនៅលើចិញ្ចើមផ្លូវ និងនៅលើផ្លូវ ដើម្បីងាយស្រួលទម្លាក់ឥវ៉ាន់ និងសម្ភារៈលក់ដូរ រួមទាំងបន្លែផ្លែឈើយកទៅដាក់អោយម៉ូយតាមតូបក្នុងផ្សារតាខ្មៅថ្មី លុះមកដល់ម៉ោងកើតហេតុ ខណៈដែលបុរស២នាក់ឪពុកនឹងកូន កំពុងរៀបចំចងត្រកួនរាប់បាច់ នៅក្បែរម៉ូតូនិងម៉ូតូសណ្ដោងរទេះដឹកត្រកួន ដែលចតលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BH-5881 បើកបរដោយបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្តតូយ៉ូតាព្រូស (TOYOTA PRIUS) មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2BF-7294 កំពុងធ្វើដំណើរតាមផ្លូវទិសដៅស្របគ្នា ក្នុងល្បឿនយឺតៗសន្សឹមៗ អែបចិញ្ចើមផ្លូវ ចំពេញទំហឹង ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុករះម៉ូតូ២គ្រឿង និងម៉ូតូសណ្ដោងរទេះដឹកបន្លែ ១គ្រឿងទៀតឡើងគលើគ្នារងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យរងរបួសបុរសម្នាក់ ដែលកំពុងចងត្រកួនជាមួយឪពុកនោះ ចំជើងខាងស្ដាំធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនអាជីវកចោមរោមពេញមុខផ្សារ និងប្រញាប់ដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

    បន្ទាប់ពីបង្កគ្រោះថ្នាក់បណ្ដាលឲ្យខូចខាតរថយន្តនិងម៉ូតូរួមទាំងមានមនុស្សរងរបួសនោះ ជនជាតិចិនដែលបើករថយន្តបង្ក មិនព្រមចុះពីរថយន្តឡើយ ហើយក៏មានយុវជនម្នាក់ជាកូនអ្នកលក់បន្លែក្នុងផ្សារម្នាក់ ដែលខ្លួនទើបចូលរៀនភាសាចិនបានជាង១ខែ បានដើរចូលទៅនិយាយជាមួយជនជាតិចិននោះ ដើម្បីជួយបកប្រែ និងសួរនាំបានបន្តិចបន្តួចដែរ តែជនជាតិចិននោះម្ដងថាយល់ព្រមសង ម្ដងថាមិនមានលុយសង ទើបម្ចាស់ម៉ូតូរងគ្រោះប្រគល់អោយសមត្ថកិច្ចធ្វើការវាស់វែងដោះស្រាយតាមច្បាប់តែម្ដង ។

    ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះមកធ្វើការបាញ់គំនូស និងវាស់វែងរថយន្តបង្កនិងរថយន្តរួមទាំងម៉ូតូរងគ្រោះ រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការនគរបាលក្រុងតាខ្មៅ និងនាំខ្លួនជនជាតិចិនអ្នកបើករថយន្តបង្កនោះ មកធ្វើការវាស់ជាតិអាកុល ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធីផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: