ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការរាជធានី ធ្វើការបដិសេដចំពោះការចុះផ្សាយថា កម្លាំងនគរបាលចុះបង្ខំឲ្យប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យ ជាក់ស្តែងគ្រាន់តែ ចុះណែនាំ និងពន្យល់ឲ្យយកចិត្តទុកដាក់ប្តូរថ្មី ចំពោះបំពង់ហួសកាលបរិច្ឆេទ
- October 18, 2020
ផេកស្នងការនគរបាលរាជធានៅភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានចុុះផ្សាយថា កម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ខំឲ្យប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយខាងលើ។
ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យពិតជាបានអនុវត្តតាមគោលការណ៍ចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងបណ្តាអាជីវកម្មងាយរងគ្រោះ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមូលហេតុ ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យ និងអប់រំណែនាំអំពីវិធីវិធានការនៃការពន្លត់បឋមដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ នៅពេលដែលមានហេតុការណ៍អគ្គិភ័យកើតឡើង ដើម្បីជៀសវាងការរាលដាលបង្កមហន្តរាយធ្ងន់ធ្ងរ ។ ការចុះណែនាំនេះដោយពុំមានការបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យដូចដែលផេកមួយចំនួនចុះផ្សាយនោះទេ ជាក់ស្តែងសមត្ថកិច្ចគ្រាន់តែត្រួតពិនិត្យ និងពន្យល់ឲ្យមានការយកចិត្តទុកដាក់ប្តូរថ្មីចំពោះបំពង់អគ្គិភ័យណាដែលហួសកាលបរិច្ឆេទប្រេីប្រាស់ ៕ ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
- Share This Post: