ប្តីផឹកស្រវឹងគំរាមបែបនេះច្រើនដងពេក ប្រពន្ធភ័យ ខ្លាចប្តីធ្វើមែនទែ ក៏ប្រហារជីវិតប្តីឲ្យបានមុន
កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាដោយលោកស្នងការ និងការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា បានសហការជាមួយនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ស្រាវជ្រាវឃាត់ខ្លួនឃាតកបានហើយ បន្ទាប់ពីធ្វើសកម្មភាពប្រើពូថៅកាប់ប្តីរបស់ខ្លួន បណ្តាលឲ្យស្លាប់នៅលើផ្ទះ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី សាកសពបុរសជាជនរងគ្រោះឈ្មោះ ជា សុះ ហៅរិទ្ធ អាយុ ៥២ ឆ្នាំ ជាអតិតយោធាពិការ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ច រហូតធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនស្ត្រីជាប្រពន្ធជនរងគ្រោះ ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយ ជនរងគ្រោះបានសារភាពថា ខ្លួនពិតជាបានប្រើពូថៅ លបកាប់ប្តីរបស់ខ្លួនដែលកំពុងដេកលង់លក់នៅលើផ្ទះ ដោយសារខ្លួនមានកំហឹងជាមួយប្តី ចាប់តាំងពីខ្លួនរៀបចំសែន ព្រេនយកគ្នាជាប្តីប្រពន្ធមក ប្តីរបស់គាត់ផឹកស្រាស្រវឹងគំរាមសម្លាប់ខ្លួនចោលរហូត ។ ដោយភ័យខ្លាចជនរងគ្រោះសម្លាប់រូបខ្លួន ទើបរកវិធីសម្លាប់ជនរងគ្រោះឲ្យបានមុន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ