ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀង ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងជាង៣០ម៉ឺននាក់រងផលប៉ះពាល់

    BY Khmernote Media October 19, 2020
    ជំនន់ទឹកភ្លៀង ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងជាង៣០ម៉ឺននាក់រងផលប៉ះពាល់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ពីជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជន កម្ពុជាប្រមាណ ៧៨ ០៥៦គ្រួសារ ស្មើប្រមាណ ៣១២ ២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋចំនួន ២៥នាក់បានស្លាប់បាត់បង់ជិវិត។ នេះបើ​យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌ រួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

    ជាមួយគ្នានេះ ប្រជាជនរងផលប៉ះពាល់ប្រមាណ ៧៨ ០៥៦​គ្រួសារ ស្មើប្រមាណ ៣១២ ២២៤នាក់។ ប្រជាជនជម្លៀសប្រមាណ ៩ ៣៤៩គ្រួសារ ស្មើប្រមាណ ៣៧ ៣៩៦នាក់ និងប្រជាជនស្លាប់២៥នាក់។ ចំពោះផ្ទះប៉ះពាល់ប្រមាណ ៧៣ ៧២០ខ្នង និងខូចខាត ៥៦ខ្នង។ សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង។ ស្រូវលិចទឹកប្រមាណ ២១៣ ២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩ ៨៨៨ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ។ ផ្លូវលំជនបទ​លិច​ទឹកប្រមាណ ១ ៤៦៧ គីឡូម៉ែត្រ។ ទំនប់ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ ប្រឡាយ​​មេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ។ ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១,៦ គីឡូ​ម៉ែត្រ និងប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥,៩ គីឡូម៉ែត្រ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: