សិល្បៈ

ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ ដកចេញផ្ទាំងឃោសនារូបអង្គរវត្ត និងសុំទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ

BY
Khmernote Media
October 19, 2020

យោងតាមការជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក នៅមុននេះបន្តិចបានអោយដឹងពីរឿងរ៉ាវប្រតិកម្មពីសំណាក់ពលរដ្ឋកម្ពុជា នៅលើបណ្តាញសង្គម Facebook ជុំវិញ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម របស់រឿងភាគខ្លួនឯងទៅវិញ។ ស្ថានទូតកម្ពុជាក៏បានធ្វើការទំនាក់ទនងទៅកាន់ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ជាលទ្ធផល ស្ថានទូតកម្ពុជាក៏បានជម្រាបជូនសាធារណជនថា៖ “សាធារណជនជាទីគោរព! បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំងតាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃមួយមានចំណងជើងថា «សន្យាស្នេហ៍»

ចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ។

ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ។“

Share This Post: