ព័ត៌មានជាតិ

សម្តេច ហេង សំរិន ផ្ដល់លិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

BY
Khmernote Media
October 20, 2020

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូនឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី។

យោងតាមព័ត៌មានដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជានៅថ្ងៃទី ១៥ ខែតុលានេះ ខេត្តក្រុងចំនួន ១៩ នៅទូទាំងប្រទេសត្រូវបានរងគ្រោះដោយទឹកជំនន់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១៣ នាក់ ក្នុងនោះមានកុមារ ៥ នាក់។ ប្រជាជនចំនួន ១២.៣៧៦ នាក់ត្រូវបានជម្លៀសចេញ ហើយ ១៩៣.២៦៨ នាក់បានរងផលប៉ះពាល់។

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកានិងសម្ភារៈជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕

Share This Post: