ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អង្គការ NASA និងក្រុមហ៊ុន Nokia កំពុងធ្វើការដាក់បំពាក់បណ្ដាញ 4G នៅលើឋានព្រះច័ន្ទ ដែលជាផ្នែកមួយនៃគម្រោងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលវែង

    BY autoadmin October 20, 2020
    អង្គការ NASA និងក្រុមហ៊ុន Nokia កំពុងធ្វើការដាក់បំពាក់បណ្ដាញ 4G នៅលើឋានព្រះច័ន្ទ ដែលជាផ្នែកមួយនៃគម្រោងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលវែង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា អង្គការ NASA និងក្រុមហ៊ុន Nokia កំពុងធ្វើការបំពាក់បណ្ដាញ 4G នៅលើឋានព្រះច័ន្ទ ដែលវាជាផ្នែកមួយរបស់អង្គការ NASA ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទក្នុងរយៈពេលវែងនាពេលខាងមុខនេះ។ ដើម្បីឈានដល់គោលដៅឆ្នាំ២០២៨របស់ខ្លួន អង្គការ NASA បានផ្តល់ប្រាក់ចំនួន ៣៧០លានដុល្លារ ដល់ក្រុមហ៊ុនជាង ១២ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យា 4G នៅលើឋានព្រះច័ន្ទ។ ការបង្កើតថ្មីទាំងនោះរួមមាន៖ ការបង្កើតថាមពលពីចម្ងាយ, ការបង្កកធាតុ Cryogenic, រ៉ូបូត, ការចុះចតប្រកបដោយសុវត្ថិភាព និងប្រព័ន្ធ 4G ។

    អង្គការ NASA និយាយថា បណ្ដាញ 4G អាចផ្តល់នូវការប្រាស្រ័យទាក់ទងដែលអាចទុកចិត្តបាន និងមានចម្ងាយឆ្ងាយជាងស្តង់ដារវិទ្យុបច្ចុប្បន្ន ដែលមាននៅលើឋានព្រះច័ន្ទ។ មន្ទីរពិសោធន៍ Bell របស់ក្រុមហ៊ុន Nokia (NOK) ត្រូវបានផ្តល់ប្រាក់ ១៤.១ លានដុល្លារ សម្រាប់គម្រោងនេះ។ មន្ទីរពិសោធន៍ Bell ដែលដំណើរការដោយក្រុមហ៊ុន AT&T មួយនេះ នឹងត្រូវសហការជាមួយក្រុមហ៊ុនវិស្វកម្មយានអវកាស Intuitive Machine ដើម្បីបង្កើតបណ្តាញ 4G-LTE ។ បណ្ដាញ 4G ដែលគ្រោងបំពាក់នៅឋានព្រះច័ន្ទត្រូវបានគេនិយាយថា នឹងដើរលឿនជាងនៅលើផែនដី ដោយសារតែវាគ្មានអគារ ដើមឈើ ឬសេវាទូរទស្សន៍ ដែលអាចបង្អាក់បណ្ដាញ 4G នោះបានទេ។ បណ្ដាញ 4G នោះក៏នឹងត្រូវរចនាយ៉ាងពិសេស ដើម្បីឱ្យសមស្របទៅតាមស្ថានភាពដែលមិនមែនជាផែនដីផងដែរ។

    មន្ទីរពិសោធន៍ Bell បាននិយាយថា ក្រុមអវកាសយានិកនឹងប្រើបណ្តាញឥតខ្សែ 4G របស់ខ្លួនសម្រាប់បញ្ជូនទិន្នន័យ, គ្រប់គ្រងលើយាន Rover, ស្វែងរកភូមិសាស្ត្រ និងការចាក់ផ្សាយវីដេអូបានច្បាស់។ បណ្តាញ 4G នៅលើផែនដីត្រូវបានគាំទ្រដោយអង់តែនខ្ពស់ៗ ជាមួយនឹងម៉ាស៊ីនភ្លើងនិងវិទ្យុធំសម្បើម ប៉ុន្តែមន្ទីរពិសោធន៍ Bell បានជួយបង្កើតបច្ចេកវិទ្យា 4G មានទំហំតូចៗងាយស្រួលដាក់ជាមួយរ៉ុកកែត សេវាខ្លាំងមិនចាញ់នៅលើផែនដី ដែលវាស្រដៀងនឹងឧបករណ៍ 5G ដែលត្រូវបានបំពាក់សាកល្បងនៅផែនដីផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: