ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចេញពីផឹកស៊ីបើករថយន្ត Land Cruiser បំពានភ្លើងស្តុបទៅបុករថយន្ត Lexus RX200t តម្លៃជិត១០ម៉ឺនដុល្លារខ្ទេចមួយចំហៀង ហើយភាគីរថយន្ត Land Cruiser ទាំងប្រុសទាំងស្រី ចុះពីឡានទាំងស្ថានភាពឈរទប់ខ្លួនមិននឹង

    BY Khmernote Media October 20, 2020
    ចេញពីផឹកស៊ីបើករថយន្ត Land Cruiser បំពានភ្លើងស្តុបទៅបុករថយន្ត Lexus RX200t តម្លៃជិត១០ម៉ឺនដុល្លារខ្ទេចមួយចំហៀង ហើយភាគីរថយន្ត Land Cruiser ទាំងប្រុសទាំងស្រី ចុះពីឡានទាំងស្ថានភាពឈរទប់ខ្លួនមិននឹង

    រាជធានីភ្នំពេញ ៖ រថយន្ត Land Cruiser បើកបរដោយប្ដីប្រពន្ធ២នាក់ ក្នុងល្បឿនលឿន បំពានភ្លើងស្តុប ទៅបុកជាមួយរថយន្តស៊េរីទំនើប LEXUS RX200t កណ្ដាលស្តុបផ្សារទួលទំពូង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើលភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីនាម៉ោង១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចស្តុបផ្សារទួលទំពូង ផ្លូវបែកជាបួន លើផ្លូវ១៦៣ កែងផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX200t ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BN-6696 បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀតជាប្រពន្ធរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ភ្លើងស្តុបពណ៌បៃតង ក៏បន្តដំណើរឆ្លងកាត់ផ្លូវបំបែកជាបួននោះធម្មតា ស្រាប់តែមានបុរសស្ត្រី២នាក់ បើករថយន្តមួយគ្រឿង ម៉ាក LAND Cruiser ពាក់ស្លាកលេខភ្នំពេញ 2I-8647 ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវលេខ៤៣២ ទិសដៅពីកើតមកលិចវិញ ក្នុងល្បឿនយ៉ាងលឿន ហើយរថយន្តមិនបើកភ្លើងបំភ្លឺខាងមុខទេ បានមកបុកចំចំហៀងខាងស្ដាំរថយន្ត RX200t បណ្ដាលឲ្យខូចខាតមួយចំហៀងខាងស្ដាំពីមុខដល់ក្រោយ ចំណែកឯរថយន្ត Land Cruiser វិញខូចខាតមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តថែមទៀតផង តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូងទី១ និងទួលទំពូងទី២ ចុះមកពិនិត្យមើលផងដែរ។

    ភ្លាមៗនោះ ភាគីខាងរថយន្ត Land Cruiser ទាំងប្រុសទាំងស្រីបានមកនិយាយជាមួយភាគីខាងរថយន្ត RX200t ទាំងស្ថានភាពឈរទប់ខ្លួនមិននឹងឡើយ ហើយខាងស្រីវិញ ទប់ខ្លួនមិនបានក៏ដើរទៅដេកផ្អែកខ្លួននឹងជញ្ជាំងមុខផ្ទះលក់ទូរស័ព្ទជាប់កន្លែងកើតហេតុតែម្ដង ។

    ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកវាស់វែងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: