ព័ត៌មានជាតិ

ហ៊ានណាស់! ឃើញគេទុកម៉ូតូនៅមុខបន្ទប់ នាំគ្នាចូលទៅសែងម៉ូតូគេបម្រុងយកទៅលក់ត្រូវបានសមត្ថកិច្ចក្របួចជាប់

BY
srey nuch
October 20, 2020

រាជធានីភ្នំពេញ៖ ជនសង្ស័យ២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនក្រោយគេធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥ នាទីរំលាងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះហៃ ណាវុធ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ ទី២ ឈ្មោះចាន់ មករា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ន់ អង់ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។

បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការហើយមកដល់បន្ទប់ជួលទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោរបន្ទល់ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញ ពេលនោះគាត់បានស្លៀកកន្សែងរួចក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នាអោយជិះជូនដើររកស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលោក៥ ក៏ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោរទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រ ដើម្បីបញ្ឆេះនឹងជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: