ព័ត៌មានជាតិ

សម្តេចតេជោ ស្វែងរកម្ចាស់សំបុត្រថ្លែងអំណរគុណ ដែលសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព ដើម្បីជូនរង្វាន់ពិសេស

BY
Khmernote Media
October 20, 2020

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ គួរបញ្ជាក់ថា ពលរដ្ឋក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានវិចខ្ចប់បាយស្លឹកចេក អោយកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។ ពេលដែលកម្លាំងបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷

ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩.១០.២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កំលាំងយើង អរគុណ 🙏🙏 សូមបញ្ជាក់ប្រជាពលរដ្ឋក្នុងឃុំគោកកថិន អោយតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន តែងតែ ដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងហូប៕

 

 

Share This Post: