សុខភាព

កុំប្រហែស! បើ​ឃើញសញ្ញាទាំងនេះប្រញាប់ទៅជួបពេទ្យខ្លាចមានជំងឺមហារីកទងសួត​

BY
Khmernote Media
October 21, 2020

ជំងឺ​មហារីក​ទងសួត គឺ​ច្រើន​ប៉ះពាល់​លើ​បំពង់​ខ្យល់​ ឬ​ទង​សួត​ និង​ក្រពេញ​ទឹក​មាត់ ជា​ពិសេស​អាច​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ​ប៉ុន្តែ​មហារីក​ប្រភេទ​នេះ​អាច​ព្យាបាល​បាន បើ​សិន​ធ្វើ​រោគវិនិច្ឆ័យ និ​ង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ប្រុសៗ​គ្រប់​វ័យ​​ ងាយ​នឹង​កើត​មហារីក​ទងសួត ច្រើន​ជាង​ស្រីៗ។

ជំងឺ​មហារីកទង​សួត​ចែកចេញជា​បី​ប្រ​ភេទ​គឺ៖

– ដុំ​ក្រពេញ (Carcinoid Tumors)៖ ​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​ និង​ការ​បញ្ចេញ​អ័រម៉ូន។ គេ​រក​ឃើញ​ដុំ​ភាគ​ច្រើន​នៅ​ក្នុង​សួត ​ក្រពះ ​និង​ពោះវៀន។

– ដុំ​ទឹក​ជាមួយ​ដុំ​ក្រពេញ (Adenoid cystic carcinoma)៖ កើត​លើ​ក្រពេញ​ទឹក​មាត់​ និង​បំពង់​ក​ ព្រម​ទាំង​អាច​មាន​លើ​បំពង់​ខ្យល់ ក្រពេញ​ទឹក​ភ្នែក ក្រពេញ​ញើស ស្បូន​ ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទស្ត្រី​ និង​សុដន់​ជាដើម។

– មហារីក​ភ្នាស (Mucoepidermoid carcinoma)៖ ភាគ​ច្រើន​កើត​នៅ​លើ​ក្រពេញ​ទឹក​មាត់ នៅ​ខាង​មុខ​ត្រចៀក។

ចំពោះ​ជំងឺ​នេះ បើ​​យើង​​បាន​​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​រហ័ស​ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​គឺ​អាច​បង្ការ​កុំ​ឲ្យ​រងផល​វិបាកដោយសារ​ជំងឺ​​ និង​បង្កជា​មហារីក​បាន។​ ​រោគ​សញ្ញា​​មហារីក​ប្រភេទ​នេះ​អាច​នៅ​ចំ​កណ្ដាល ឬ​នៅ​គែម​ៗបំពង់​ខ្យល់​ ខណៈ​រោគ​សញ្ញា​ចំ​កណ្ដាល​ អាច​ធ្វើ​ឲ្យ​ស្ទះ ​និង​​ហូរ​ឈាម​លាយ​ឡំ​ និង​មាន​អាការៈ៖

– ពិបាក​ដកដង្ហើម
– បញ្ចេញ​សំឡេង​មិន​ធម្មតា​ពេល​ដក​ដង្ហើម ដោយសារ​ស្ទះ​បំពង់​ខ្យល់ ​ឬ​ទង​សួត​រីក​ធំ
– ក្ដៅ​ខ្លួន ឬ​​ក្អក​ធ្លាក់​ស្លេស្ម ​មក​ពី​ការ​ក​រោគ​ ពេល​ខ្លះ​បង្ក​ឲ្យ​​រលួយ​ជាលិកា​សួត ​និង​ស្រុត​សួត​ទៀត​ផង។
– ក្អក​ធ្លាក់​ឈាម​ ព្រោះ​មាន​ដំបៅ​តាម​ភ្នាស​បំពង់​ខ្យល់ ជា​កត្តា​គ្រោះថ្នាក់​ មិន​ថា​មក​ពី​មហារីក ឬ​ជំងឺ​អ្វី​ផ្សេង​ឡើយ។
– អ្នក​ជំងឺ​មាន​រោគ​សញ្ញា​នៅ​គែម​ៗបំពង់ខ្យល់ ​មិន​មាន​រោគ​សញ្ញា​អ្វី​ជាក់​លាក់​នោះ​ទេ។

ក្រៅ​ពី​រោគ​សញ្ញាខាង​លើ​នេះ អាច​នៅ​មាន​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​ជំងឺ​មហារីក​ទងសួត​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​ បើ​សិនជា​មាន​ការ​សង្ស័យ​គួរ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

អ្នក​​ជក់​បារី​ជា​ប្រចាំ ​និង​ច្រើន​ឆ្នាំ​ប្រឈម​ហានិភ័យ​ខ្ពស់​ជាង​គេ​ តែ​បើ​ផ្ដាច់​បាន​អាច​កាត់​បន្ថយ​បាន​ច្រើន ហើយ​សុខ​ភាព​កាន់​​តែ​ប្រសើរ។ ទោះ​មិន​ជក់​បារី គ្រាន់​តែ​ស្រូប​យក​ផ្សែង​បារី​ដោយ​អចេតនា ក៏​អាច​បង្ក​ជា​មហារីក​ដែរ។ ក្រៅពីនេះ​​សារធាតុ​មាន​ក្នុងហ្វីបប្រូ​ស៊ីម៉ង់ត៍ ​(Asbestos) និង​សារធាតុ​ផ្សេង​ទៀត ដូចជា​សំណ ក្រូមីញ៉ូម​ និង​សារធាតុ​នីកែល ក៏​បង្កជា​ហានីភ័យ​កើត​ជំងឺមហារីក​សួតដែរ។ បើ​និយាយ​ដល់​កត្តាហ្សែន បើ​គ្នា​យើង​ណា​មាន​បងប្អូន​ ឬ​សមាជិក​គ្រួសារ​កើត​មហារីក​ប្រភេទ​នេះ​ពី​មុន យើង​ក៏​អាច​ប្រ​ឈម​ដូច​គ្នា​។

ដើម្បី​បង្ការ​ខ្លួន​យើង​ជំងឺ​ប្រ​ភេទ​នេះ យើង​គួរ​៖

– ហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្តងៗ
– ឈប់​ជក់​បារី៖ អាច​ស្វែង​រក​ជំនួយ​​វិធី​ផ្ដាច់​បារី​ពី​គ្រូពេទ្យ
– ព្យាយាម​នៅ​ឆ្ងាយ​ពី​អ្នក​ជក់​បារី អាច​ប្រាប់​សមាជិក​គ្រួសារ​ពី​ផលវិបាក​បង្ក​ដោយ​បារី
– ចៀស​វាង​សារធាតុ​គីមី អាច​បង្ក​មហារីក តាម​ការ​ណែនាំ​បែប​សាមញ្ញៗ ដូច​ជា​ពាក់​ម៉ាស់ នៅ​កន្លែង​ធ្វើ​ការ ការពារ​ករណី​ស្រូប​យក​ជាតិ​គីមី​ទាំង​នោះ។
– ញ៉ាំ​អាហា​រមាន​ជីវ​ជាតិ​ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ​ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ​ ចៀស​វាង​ថ្នាំ​បំប៉ន​ អាច​មាន​ផល​ប៉ះពាល់ផ្សេងៗ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: