ស្នងការក្រុងធ្វើការបំភ្លឺការពិត ជុំវិញបុរសម្នាក់បង្ហោះសារលើហ្វេសប៊ុកខឹងសមត្ថកិច្ចចាប់ម៉ូតូកូនខ្លួន គ្រាន់តែគ្នាចេញពីរៀនជិះម៉ូតូដេីរលេង អត់ពាក់មួកសុវត្ថិភាព
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះ At Sokvichet ដែលជាឪពុករបស់ក្មេងដែលបង្ហោះម៉ូតូតាមទីសាធារណ: បានសរសេរផុសខុសពីការពិត ( ដោយបានសរសេរថាគ្រាន់តែកូនគាត់ទំនេរចេញពីរៀន ជិះម៉ូតូដេីរលេង អត់ពាក់មួកសុវត្ថិភាព ម្តេចមិនធ្វេីការផាកពិន័យ ….) តាមពិតការផុសរបស់គណនីហ្វេសបុកខាងលេីគឺជាព័ត៌មានមិនពិត ជាក់ស្តែងមិនមែនជាការចាប់ផាកពិន័យដោយមិនពាក់មួកសុវត្ថិភាពនោះទេ គឺសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនដោយសារក្មេងទាំងពីរនាក់នោះបានបង្ហោះម៉ូតូតាមផ្លូវសាធារណ: ដែលធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។

ដំណេីររឿងជាក់ស្តែង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចេញល្បាតពួនស្ទាក់ ដេីម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋាន ពេលមកដល់ក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានឃេីញក្មេង២នាក់នេះ កំពុងតែជិះម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1IK-3306 បង្ហោះនៅក្នុងបរិវេណកោះពេជ្រ និងដោយអនុវត្តតាមលក្ខណៈសម្បត្តិ៩យ៉ាងរបស់ ភូមិ សង្កាត់ មានសុវត្តិភាព ត្រង់ចំណុចទី៤ គ្មានក្មេងទំនេីង ពេលនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងសន្តិសុខកោះពេជ្របានឃាត់យុវជនទាំង០២នាក់នោះរួមទាំងម៉ូតូយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីធ្វេីការអប់រំណែនាំ និងហៅអាណាព្យាបាលមកធ្វេីកិច្ចសន្យាអោយបញ្ឍប់សកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណ: ដែលបង្កការភ័យខ្លាច និងគ្រោះថ្នាក់ដល់អ្នកដំណេីរតាមដងផ្លូវ រួចកម្លាំងក៏បានអនុញ្ញាតិអោយយុវជនទាំង០២នាក់នោះធ្វេីការទំនាក់ទំនងទៅអាណាព្យាបាលដេីម្បីមកធ្វេីការធានាយកយុវជនទាំង០២នោះយកទៅអប់រំបន្ថែម និងត្រឡប់ទៅផ្ទះវិញ ដោយបានរក្សាទុកម៉ូតូម៉ាកខាងលេីនោះជាបណ្តោះអាសន្នរងចាំយកឯកសារម៉ូតូមកផ្ទៀងផ្ទាត់ដេីម្បីយកម៉ូតូត្រឡប់ទៅវិញ ។
ម្តាយក្មេងបង្កបានទទួលស្គាល់កំហុសរបស់កូនគាត់ ដោយបានចូលខ្លួនមកធ្វេីកិច្ចសន្យា ធានាយកកូនរបស់គាត់ ដែលបានបង្ហោះម៉ូតូនៅកោះពេជ្រ ដេីម្បីយកទៅធ្វេីការណែនាំអប់រំនៅផ្ទះដេីម្បីកុំឲ្យធ្វេីសកម្មភាពបង្ហោះម៉ូតូទៀត ផ្ទុយទៅវិញបែរជាឪពុករបស់ក្មេងបង្ហោះម៉ូតូមិនទទួលកំហុសរបស់កូនដែលប្រព្រឹត្តខុស ទៅជាចោទប្រកាន់មកលេីសមត្ថកិច្ចខុសពីការពិតទៅវិញ ៕
