ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង ស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកស្ទឹងសង្កែឡើងជាថ្មី
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ស្ថិតក្នុងភាពប្រុងប្រយ័ត្នឡើងវិញ ខណៈស្ថានភាពទឹកជំនន់នៅស្រុកសំឡូត ស្រុករុក្ខគិរី និងស្រុកបវេល បានចាប់ផ្តើមស្រកជាបណ្តើរៗហើយ ប៉ុន្តែទឹកហូរធ្លាក់មកប៉ែកខាងក្រោម ធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែ និងស្ទឹងមោងឫស្សី បានចាប់ផ្តើមឡើងជាថ្មីម្តងទៀត។

ឯកឧត្តម បានបន្ថែមថា ជំនន់ទឹកភ្លៀងនៅពេលនេះបានប៉ះពាល់ដំណាំស្រូវសរុបប្រមាណ ១២៦,៣២៣ហិកតា និងខូចខាតទាំងស្រុងប្រមាណ ៣៩,១៤៤ហិកតា ក្នុងស្រុកចំនួន១០ និងប៉ះពាល់ដំណាំកសិកម្ម និងដំណាំឧស្សហកម្មប្រមាណ ៥៧,៤៦៨ ហិកតា ខណៈកម្ពស់ទឹកស្ទឹងសង្កែបន្តកើនរហូតដល់កម្ពស់ ១៤ម៉ែត្រវិញហើយ ដែលជាកម្ពស់នឹងប្រកាសអាសន្ន បើភ្លៀងនៅបន្តធ្លាក់ទៀត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបាន និងកំពុងជន់លិច និងប៉ះពាល់ពាល់រាជធានីខេត្តចំនួន២០ ហើយ។ ជំនន់ទឹកភ្លៀងនេះក៏បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ៣៩នាក់ស្លាប់បាត់បង់ជីវិត និងធ្វើឱ្យខូចខាត និងជន់លិចហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំដូចជា ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ១៣៣,៧៣៤គ្រួសារ ស្មើនឹង ៥៣៥,១៧៦នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ២៦៣,៩៣៣ហិកតា រួមនឹងដំណាំរួមផ្សំប្រមាណ ៨៨,៧៧៩ ហិកតាផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន